(​កាប៊ុល)៖ អាជ្ញាធរ​អាហ្វហ្គានីស្ថាន​នៅថ្ងៃចន្ទនេះ​បានអះអាងថា ចំនួនអ្នកស្លាប់​នៅក្នុងការវាយប្រហារ​ ដោយបំផ្ទុះរថយន្ដអត្តឃាត​នៅឯទីក្រុង​កាប៊ុល បានកើនដល់ ២៤នាក់ និងច្រើន​ជាង ៤០នាក់ ផ្សេងទៀត​រងរបួស។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅមុននេះ​បន្តិចនារសៀល​ថ្ងៃចន្ទ​ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

ជាមួយគ្នា​នោះដែរ បើតាមអ្នកនាំ​ពាក្យក្រសួង​មហាផ្ទៃ ការវាយប្រហារដ៏មហាប្រល័យខាងលើនេះ បានកើតឡើង​នៅក្បែរលំនៅឋានមន្ត្រីជាន់ខ្ពស់អាហ្វហ្គានីស្ថាន​ម្នាក់គឺ លោក Mohammad Mohaqiq ដោយមក​ទល់នឹងពេលនេះ មនុស្សស្លាប់បានកើនដល់ ២៤នាក់ និងច្រើនជាង ៤០នាក់រងរបួស។ មន្ត្រី​អាហ្វហ្គានីស្ថាន​បានបន្ត​ទៀតថា ចំនួន​អ្នកស្លាប់អាចនឹងកើនឡើងច្រើនជាងនេះ ខណៈក្រុមតាលីបង់​តាមរយៈអ្នកនាំពាក្យ​ឈ្មោះ Zabihullah Mujahid បានអះអាងថា ក្រុមខ្លួនជាអ្នកនៅពី​ក្រោយការ​វាយប្រហារ​នេះ។​

គួរបញ្ជាក់ថា ជនស៊ីវិល ១,៦៦២នាក់​បានស្លាប់ ដោយសារតែអំពើហិង្សានៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន គិតត្រឹមពេលពាក់កណ្ដាលឆ្នាំ២០១៧ ហើយការវាយប្រហារ​ដ៏អាក្រក់នេះ កើតឡើងតែ​ពីរសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុម ISIS បានទទួលខុសត្រូវ​លើ​ការវាយប្រហារ​ព្រះវិហារអ៊ីស្លាម ក្នុងរដ្ឋធានីកាប៊ុល ដែលបានសម្លាប់មនុស្ស ០៤នាក់៕