(វ៉ាស៊ីនតោន)៖ យោងតាម​សេចក្តីជូនដំណឹង​ពី កងឆ្មាំ​ការពារដែន​សមុទ្រ​សហរដ្ឋអាមេរិក សម្រាប់អ្នក​នេសាទ​ទាំងឡាយណា ដែលមាន​បំណង​​ចង់​ធ្វើ​ដំណើរ​​​ក្នុង​​​រយៈ​ចម្ងាយ​​​គីឡូម៉ែត្រ​នៅចន្លោះកោះ Kodiak, រដ្ឋ Alaska, និងប្រជុំកោះ Hawaii នាសប្តាហ៍​ក្រោយនោះ ការធ្វើតេស្តបាញ់​គ្រាប់ពិតនៃ​ប្រព័ន្ធខែល​ការពារមីស៊ីល THAAD ត្រូវបានគ្រោង​នឹងប្រព្រឹត្តទៅជា​ថ្មីម្តងទៀត ដោយកម្លាំង​យោធាអាមេរិក។ នេះបើ​តាមការចេញផ្សាយ​ដោយ​ សារ​ព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមកង​ឆ្មាំការពារដែន​សមុទ្រអាមេរិក នាសប្តាហ៍ក្រោយនេះ​ទីក្រុងវ៉ាស៊ីនតោន នឹងធ្វើការ​សាកល្បងបាញ់​គ្រាប់ពិត នៃប្រព័ន្ធខែល​ការពារ​​មីស៊ីល​កម្រិតខ្ពស់ THAAD ចេញពី​ទីតាំងបង្ហោះ​គ្រាប់រ៉ុក្កែត​នៅលើកោះ Kodiak នៃរដ្ឋ Alaska បន្ទាប់ពីទីភ្នាក់ងារ​ការពារមីស៊ីល​អាមេរិក (MDA) ទើបតែបាន​សម្រេចជោគជ័យ នៃការធ្វើ​តេស្តប្រព័ន្ធ THAAD កាលពីដើម​ខែកក្កដានេះ ដែលកាលនោះ​វាត្រូវបាន​ធ្វើឡើង ដើម្បីតេស្ត​សមត្ថភាព​​របស់ THAAD ក្នុងការបាញ់​ស្ទាក់មីស៊ីល​ផ្លោង IRBM។

ដោយឡែក ការធ្វើតេស្ត​សាកល្បងសាជាថ្មីម្តងទៀតនេះ មានគោលដៅ​ដើម្បីតេស្តសមត្ថភាព​របស់ប្រព័ន្ធ THAAD ក្នុងការបាញ់​កម្ទេចមីស៊ីល​ផ្លោង MRBM ដែលមានរយៈ​ចម្ងាយខ្លីជាង IRBM ហើយស្រដៀង​ទៅនឹងគ្រាប់មីស៊ីល Hwasong-14 ដែលកូរ៉េខាងជើង​ធ្វើតេស្តកាលពី​ខែមុន៕