(វ៉ាស៊ីនតោន)៖ ក្នុងឱកាសនៃពិធីសម្ពោធដាក់​ឲ្យដំណើរការ នាវាដឹកយន្តហោះ​ចម្បាំង USS Gerald R Ford តម្លៃ ១៣ពាន់លានដុល្លារនោះ ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានអំពាវនាវ​ឲ្យបង្កើន​ការចំណាយ​យោធា​កាន់តែ​ខ្លាំងថែមទៀត សម្រាប់​មហាអំណាច​មួយនេះ ដែលបាន​និង​កំពុង​ចាយ​លុយលើសព្វាវុធ​ច្រើនជាងប្រទេស​ណាៗទាំងអស់ នៅលើ​ពិភពលោក។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅ​ព្រឹក​ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​សេចក្តីរាយការណ៍​របស់កាសែត​អាមេរិក Washington Times ក្នុងអំឡុងការ​ធ្វើអត្ថាធិប្បាយទៅកាន់ ក្រុមនាវិក និងមន្រ្តីនៅលើនាវា​ដឹក​យន្តហោះ​ចម្បាំងប្រភេទថ្មីបំផុតនេះ​ លោក ដូណាល់ ត្រាំ បានឆ្លៀត​ឱកាសធ្វើ​ការទាមទារថា សភាអាមេរិក​គួរតែបង្កើនការ​ចំណាយលើ​វិស័យយោធា​ក្នុងអត្រាប្រមាណ ៤៥ភាគរយ ឬស្មើនឹង ៤៥ពាន់លានដុល្លារ ខណៈមេដឹកនាំ​អាមេរិក​រូបនេះ​បាន​អះអាងថា ប្រទេស​​របស់​លោក​​កំពុង​តែ​មាន​ឥទ្ធិ​ពល​​ខ្លាំងឡើងៗ ពីមួយថ្ងៃទៅ​មួយថ្ងៃ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បាននិងកំពុងជះលុយ​ទៅលើកម្លាំង​យោធារបស់ខ្លួន ដែលមានរិទ្ធិ​អំណាច និងតម្លៃថ្លៃជាងគេបំផុត​លើលោក ក្នុង​បរិ​មាណ​​ច្រើន​ជាង​ប្រទេស​ចំនួន០៨ ដែល​ឈរ​នៅ​លេខ​​រៀង​បន្ទាប់​​រួមបញ្ចូលគ្នា​ទៅទៀត៕