​(តេហេរ៉ង់)៖ អ៊ីរ៉ង់ និងអ៊ីរ៉ាក់​បានចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ ស្ដីពីការបង្កើន​ទំនាក់ទំនងយោធា​រវាងប្រទេសទំាងពីរ និងការចូលរួម​ប្រយុទ្ធប្រឆាំង​នឹងពួកភេរវករ។ នេះបើតាម​ការចេញ​ផ្សាយដោយ សារព័ត៌មាន Russian Today ​នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

អនុស្សរណៈ​នៃការយោគយល់​លើវិស័យការពារ​ជាតិ និងកិច្ចសហប្រតិបត្តិការ​នេះ ត្រូវបាន​ចុះហត្ថលេខា កាលពី​ថ្ងៃអាទិត្យ នៅអំឡុង​ជំនួបរវាងរដ្ឋមន្ត្រី​ការពារជាតិ​អ៊ីរ៉ាក់ លោក Erfan al-Hiyali ជាមួយសមភាគី​អ៊ីរ៉ង់ លោក Hossein Dehqan នៅឯទីក្រុង​តេហរ៉ង់។ ជាមួយគ្នា​នោះដែរ បើតាមសារព័ត៌មាន​រដ្ឋអ៊ីរ៉ង់ IRNA កិច្ចព្រមព្រៀងនេះ​គឺផ្ដោតសំខាន់លើការ​បង្កើនកិច្ចសហប្រតិបត្តិការ​យោធា និងចែករំលែក​បទពិសោធន៍ ក្នុងការប្រយុទ្ធ​ប្រឆាំងនឹង​ពួកភេរវករ រក្សាសន្តិសុខ​នៅតាមតំបន់​ព្រំដែន បណ្ដុះបណ្ដាល ហិរញ្ញវត្ថុ បច្ចេកទេស រួមទាំងការគំាទ្រ​ផ្នែកយោធា រវាងប្រទេស​ទាំងពីរ​ផងដែរ។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិ​នៃប្រទេស​ទាំងពីរ​បានបង្ហាញក្ដី​សង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងជំរុញ​ឱ្យទីក្រុងតេហេរ៉ង់ និងទីក្រុង​បាកដាដ អាចនឹងធ្វើកិច្ច​សហប្រតិបត្តិការ​កាន់តែជិតស្និទ្ធ។ ដោយឡែកទីក្រុងវ៉ាស៊ីនតោន ដែលជាអ្នក​ជួយទំនុក​បម្រុងកងទ័ព​អ៊ីរ៉ាក់ ​រហូតដល់វាយ​យកទីក្រុងម៉ូស៊ុលពីពួក ISIS ​មកវិញ នឹងមិនពេញចិត្ត​ឡើយចំពោះ​កិច្ចព្រមព្រៀង​យោធានេះ ខណៈខ្លួនកំពុងអនុម័តច្បាប់ប្រឆាំងនឹង​ទីក្រុងតេហេរ៉ង់ សម្រាប់ការអភិវឌ្ឍន៍​មីស៊ីលផ្លោង៕