(វ៉ាស៊ីនតោន)៖ សេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្ដែងការគាំទ្រ​លើសេចក្ដីព្រាងច្បាប់ ដែលសភាអនុម័ត ដើម្បីដាក់ទណ្ឌកម្ម​ប្រឆាំងនឹងរុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់។ នេះបើតាម​លេខាធិការ​ព័ត៌មាន​សេតវិមាន លោកស្រី Sarah Sanders ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

ការលើកឡើង​បែបនេះ​របស់ លោកស្រី Sarah Sanders ធ្វើឡើងតែ​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពីសភា និងព្រឹទ្ធសភា​អាមេរិក ប្រកាសពី​ការព្រមព្រៀងគ្នា​លើការអនុម័ត​ច្បាប់ ដែលនឹងបង្ការមិនឱ្យ លោក ដូណាល់ ត្រាំ លូកដៃជា​ឯកតោភាគី​បន្ធូរបន្ថយ​ទណ្ឌកម្មប្រឆាំង​នឹងរុស្ស៊ី។ មិនតែប៉ុណ្ណោះ​បើតាម​ច្បាប់ថ្មីនេះ សភាអាមេរិក​ទំាងពីរ​ក៏បានអំពាវនាវ​ឱ្យមានការដាក់​ទណ្ឌកម្មលើ ទីក្រុងម៉ូស្គូ សម្រាប់ការ​លូកដៃចូល​ក្នុងកិច្ចការ​បោះឆ្នោត​អាមេរិក កាលពីឆ្នាំ២០១៦ និង​កូរ៉េខាងជើង ក៏ដូចជាអ៊ីរ៉ង់ ទាក់ទិននឹង​កម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោង។

លោកស្រី Sarah Sanders នៅក្នុងបទសម្ភាសន៍ជាមួយ ABC បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ថ្វីបើការអនុម័តច្បាប់នេះ​មានភាពចម្រូង​ចម្រាសបន្តិច ប៉ុន្តែយើង​អាចនឹងធ្វើ​ការងារ​ជាមួយសភា និងព្រឹទ្ធសភា... សេតវិមាន​ពិតជារីករាយ​ក្នុង​ការធ្វើដូច្នេះ ព្រមទាំងចាត់​ទុកថា ការផ្លាស់ប្ដូរនេះ​ពិតជាមាន​សារៈសំខាន់ ហើយយើងពិត​ជាគាំទ្រ​ច្បាប់នេះ។

គួរបញ្ជាក់ថា សភាអាមេរិក​គ្រោងនឹងធ្វើការបោះឆ្នោត​លើសេចក្ដីព្រាងច្បាប់​នេះ នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ហើយបើសិន​ជាវាត្រូវបាន​អនុម័តមែន នោះព្រឹទ្ធសភា​នឹងរៀបចំការ​បោះឆ្នោត សម្រេចមួយ​ផ្សេងទៀត មុននឹងត្រូវ​បញ្ជូនបន្តទៅកាន់​ប្រធានាធិបតី​អាមេរិក​ចុះហត្ថលេខា៕