(ម៉ូស្គូ)៖ នាពេលថ្មីៗនេះសារព័ត៌មានរុស្ស៊ី Sputnik បានបញ្ចេញវីដេអូគួរឲ្យតក់ស្លុតមួយ បង្ហាញពីភ្នាក់ងាររបស់ Sputnik ប្រចាំតំបន់មជ្ឈិមបូព៌ា​ លោក​ស្រី Sara Nureddin បានធ្លាក់ក្នុងស្ថានភាព​គ្រោះថ្នាក់ កាលពីថ្ងៃអាទិត្យ​កន្លងទៅ នៅក្នុងទីក្រុងម៉ូស៊ុល​នៃប្រទេសអ៊ីរ៉ាក់។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

ហេតុការណ៍​ខាងលើបាន​កើតឡើង ក្នុងអំឡុងពេលភ្នាក់ងារ​សារព័ត៌មានរូបនោះ កំពុងថត​យកសកម្មភាព​ក៏ដូចជា​ដំណើរការ នៃការបោស​សម្អាត​គ្រាប់មីន នៅក្នុង​សង្កាត់ al-Maydan ក្បែរព្រះវិហារ​ដ៏ពិសិដ្ឋ al-Nuri ដែលត្រូវបាន​បំផ្លិចបំផ្លាញ​ដោយក្រុម​សកម្មប្រយុទ្ធ។ ជាលទ្ធផល​ពលទាហាន​ ដែលអមដំណើរ​ លោកស្រី Nureddin បានទទួល​រង​របួសធ្ងន់ ដោយសារ​តែ​ការបាញ់​ប្រហារ​ពីជនសកម្ម​ប្រយុទ្ធម្នាក់ ខណៈ​រូប​​លោក​ស្រី​​ផ្ទាល់​បាន​​រង​របួស​ស្រាល នៅពេលកំពុង​រត់គេចខ្លួន​ពីជនសកម្មប្រយុទ្ធ​រូបនោះ។

តែជា​សំណាងល្អ ពលទាហាន​នៃកងអង្គភាព​ប្រឆាំងនឹងអំពើ​ភេរវកម្ម បានទៅដល់​កន្លែងកើតហេតុ​ក្នុងរថពាសដែក ហើយជួយ​សង្រ្គោះ​អ្នក​ទាំង​ពីរ​នេះទៅកាន់​ទីសុវត្ថិភាព​បានទាន់​ពេលវេលា៕