(វេណេស៊ុយអេឡា)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បានសន្យាថា នឹងធ្វើការចាប់ខ្លួនចៅក្រមទាំងអស់ នៃតុលាការកំពូល​​របស់ប្រទេស​លោក ដែលត្រូវបាន​តែងតាំងដោយ​សភា ដែលស្ថិតក្រោម​ការគ្រប់គ្រង​របស់​គណបក្សប្រឆាំង យកទៅដាក់​ពន្ធនាគារ។ នេះ​បើ​តាម​​ការ​​ចេញ​​ផ្សាយ​​​ដោយ ​សារ​ព័ត៌មានរុស្ស៊ី Spuntik នៅព្រឹក​ថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧។

កាលពីថ្ងៃសុក្រ​សប្តាហ៍មុននេះ សភា​វេណេស៊ុយអេឡា បានសម្រេច​តែងតាំង​សមាសភាព​ចៅក្រមចំនួន ១៣រូប នៃតុលាការ​កំពូល រួមជាមួយនិង​អនុចៅក្រម​របស់ពួកគេ​ចំនួន ២០រូប​ផ្សេងទៀត បន្ទាប់ពី​តុលាការ​កំពូលផ្ទាល់ បានថ្កោលទោស​ការតែងតាំង​នេះថា ជាទង្វើមិន​ស្របច្បាប់។ ជាមួយ​គ្នានេះ លោក Maduro ក៏បាន​ថ្លែងថា «ពួកគេ​ទាំងអស់... ម្តងមួយៗ... នឹងត្រូវចាប់​ញាត់គុក ហើយទ្រព្យសម្បត្តិ និងអចលនទ្រព្យផ្សេងៗទៀត​របស់​ពួកគេ​ទាំងនោះ នឹងត្រូវបង្កកដ៏​ដូចជារឹបអូស​ផងដែរ»។

លោកប្រធានាធិបតី​វេណេស៊ុយអេឡា បានពន្យល់​បកស្រាយថា វិធានការ​ដ៏តឹងរ៉ឹងបែបនេះ​របស់លោក គឺវាមានភាពចាំបាច់​មិនអាចខ្វះបាន​នោះ​ឡើយ​ពីព្រោះថា សភាកំពុងតែព្យាយាម​រៀបចំគ្រោង ដើម្បីបង្កើត​រដ្ឋាភិបាល​មិនស្របច្បាប់​ដោយខ្លួនឯង។ លោក Maduro បានលើក​ឡើង​​ដូច្នេះ​ថា សប្តាហ៍នេះ​ពួកគេនឹង​ប្រកាសអំពី​ការបង្កើត​ក្រុមប្រឹក្សាបោះឆ្នោត​ជាតិ​ថ្មីមួយទៀត ដែលពុំស្រប​តាម​រដ្ឋធម្មនុញ្ញ និងខុសច្បាប់​ទាំងស្រុង។

គួរបញ្ជាក់ថា កាលពី​ខែមីនាកន្លងទៅ​តុលាការ​កំពូល​វេណេស៊ុយអេឡា បាន​សម្រេចចិត្ត​រាំងខ្ទប់អំណាច​រដ្ឋសភា របស់ប្រទេស​អាមេរិកឡាទីន​​មួយ​នេះ។ ក្រោយមក​ការសម្រេច​ចិត្តនេះ ក៏ត្រូវប្រែក្រឡាស់​នៅចំពោះ​មុខ​ការកើតមាន​ប្រតិកម្ម​ប្រឆាំង ប៉ុន្តែបណ្តា​អ្នកគាំទ្រ​របស់សភា​គ្រប់គ្រងដោយ​បក្សប្រឆាំង ដែលចង់​ឲ្យសមាជិកតុលាការ​កំពូលទាំងអស់​ខ្ទាតចេញពី​តំណែងនោះ បានធ្វើ​បាតុកម្ម​តវ៉ាដ៏កក្រើក​នៅក្នុងប្រទេស កាលពី​ដើម​​ខែ​មេសា​​​​កន្លង​​ទៅ​។ ចាប់តាំងពី​ពេលនោះមក សកម្មភាព​តវ៉ា​ដែលបានកើត​ឡើង​ជាបន្តបន្ទាប់ទៀតនោះ បានបណ្តាល​ឲ្យមនុស្សជិត ១០០នាក់ហើយ​បាត់បង់ជីវិត៕