(​វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសម្ដែងការមិនពេញចិត្ត និងរិះគន់យ៉ាងខ្លាំងលើកាសែត Washington Post ​សម្រាប់ការចុះផ្សាយអត្ថបទមួយពាក់ព័ន្ធនឹង កិច្ចសន្ទនាជាសម្ងាត់រវាងអគ្គរដ្ឋអាជ្ញាអាមេរិកលោក Jeff Sessions​ ជាមួយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក Sergey Kislyak។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik​ នៅថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។

នេះមិនមែនជាលើកទីមួយ ហើយក៏ទំនងជានឹងមិនក្លាយជាលើកចុងក្រោយដែរ​ ដែលលោក ដូណាល់ ត្រាំ ឈ្លោះប្រកែកជាមួយសារព័ត៌មានអាមេរិកមួយចំនួនដូចជា CNN ដែលតែងតែចុះផ្សាយព័ត៌មានមិនល្អពីរូបលោក រហូតដល់លោកផ្ទាល់ហៅថា ជាសារព័ត៌មានក្លែងក្លាយ។

ជាក់ស្ដែងក្រោយស្ងប់ស្ងាត់មួយរយៈជាមួយ CNN នៅពេលនេះលោក ត្រាំ បានបែរកាណុង ពាក្យសម្ដីរិះគន់ចំៗលើ Washington Post ដោយចោទថា សារព័ត៌មានចាស់វស្សាមួយនេះ បានទម្លាយឯកសារសម្ងាត់របស់រដ្ឋ និងថែមទំាងបានអំពាវនាវឱ្យបញ្ឈប់សកម្មភាពបែបនេះទៀតផង។ លោក ដូណាល់ ត្រាំ បានសរសេរនៅលើប្រអប់បញ្ចេញមតិនៃ Twitter ដូច្នេះថា៖ «ការធ្វើឱ្យបែកធ្លាយព័ត៌មានស៊ើបការសម្ងាត់ពីសំណាក់ Washintong ​Post ពាក់ព័ន្ធនឹង អគ្គរដ្ឋអាជ្ញា លោក Jeff Sessions​ គឺជាទង្វើខុសច្បាប់...ហើយគួរតែបញ្ឈប់ទង្វើនេះជាបន្ទាន់»

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ Washington Post ផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ បានអះអាងថា អគ្គរដ្ឋទូតរុស្ស៊ីលោក Sergey Kislyak ធ្លាប់បានជជែកជាមួយលោក Jeff Sessions ជុំវិញយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ព្រមទាំងទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្រោយលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក។ ប៉ុន្តែ លោក Sessions បានច្រានចោលព័ត៌មានេះ៕