(អាមេរិក)៖ មនុស្សម្នា​ជាច្រើន​បានចូលរួមទស្សនា «យានជំនិះគំរូសម្រាប់ Mars Rover» នាពេលអនាគត ក្នុងឱកាស​នៃទិវា Mars Day នៅឯសារមន្ទីរ​​​អកាសចរណ៍ និងអវកាសជាតិស្ថិតក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​ នៃសហរដ្ឋអាមេរិក។ នេះបើ​តាមការចេញផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានព័ត៌​មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។

យានជំនិះ​គំរូសម្រាប់ Mars Rover នាថ្ងៃអនាគត​ដែលមានកម្ពស់​ជាង ០៣ម៉ែត្រ នេះកំពុងត្រូវ​ដាក់តាំងបង្ហាញ​នៅឯអាកាសចរណ៍ និងអវកាសជាតិ​ ក្នុងអំឡុង​ទិវាប្រចាំឆ្នាំ Mars Day ដែលប្រារព្ធ​ឡើងដើម្បី​អបអរសាទរ ភពព្រះអង្គារ (Mars) ជាមួយសកម្មភាព​អប់រំ និងកម្សាន្តសប្បាយ​ផ្សេងៗ​ជា​ច្រើន​។

គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាស​អាមេរិក NASA បានធ្វើការបង្អួត​បង្ហាញ​គំរូដ៏អស្ចារ្យ​នៃយានស្រាវស្រាវ Mars 2020 Rover នេះ​ជាលើកដំបូង​នៅ​​ឯ​មជ្ឈ​មណ្ឌល​អវកាស Kennedy នៃរដ្ឋផ្លូរីដា កាលពីដើម​ខែមិថុនា​កន្លងទៅនេះ។ បើសិនជាអ្នក​​យល់ឃើញថា វាមានរូបរាង​ និងលក្ខណៈ​ដូចជា​ត្រូវ​បាន​គេយកចេញ​​ពីក្នុងរឿងប្រភេទ Superheroes ឬមួយ​ក៏​វីដេអូ​ហ្គេម​​ជា​ជាងយាន​ពិតប្រាកដ​ សម្រាប់ធ្វើ​ការស្រាវជ្រាវ​រុករក​នៅលើភពអង្គារនោះ ​អ្នកពិត​ជាគិត​ត្រូវហើយ​ព្រោះថា អង្គការ NASA មិន​ទាន់​បានបញ្ចប់ការរួមផ្សំ​នៃគំនិត សម្រាប់គំរូ​នៃការរចនាចុង​ក្រោយ សម្រាប់យាន Mars Rover ថ្មីនេះនៅ​ឡើយទេ៕