(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្តេជ្ញា​យ៉ាងមុតមាំថា រូបលោកដាច់ខាតនឹង​មិនទៅជាន់ដែន​ដីអន់ៗ ​និង​សែន​អាក្រក់​​ដូច​ជា​​សហរដ្ឋអាមេរិក​នោះឡើយ ទោះបីជា​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញលោក ឌូតឺតេ ឲ្យទៅបំពេញ​​ទស្សន​កិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុងអំឡុងកិច្ចសន្ទនា​តាមទូរស័ព្ទ​រវាងមេដឹកនាំ​ប្រទេស​ទាំងពីរ កាលពីចុង​ខែមេសាកន្លង​ទៅយ៉ាងក្តី។ នេះ​បើ​តាម​​​ដកស្រង់ការ​​ផ្សាយ​​ចេញពី ​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។

លោក ឌូតឺតេ បានធ្វើការ​ប្រកាសច្បាស់ៗ​បែបនេះ ស្របពេល​ដែលលោក​មានការខឹង​សម្បារជាខ្លាំង ចំពោះការ​ដែលក្រុមអង្គការ​ការពារ​សិទ្ធិ​មនុស្ស បានវាយប្រហារ​មកលើ​សង្រ្គាមបង្រ្កាប​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ដ៏បង្ហូរឈាម​របស់លោក ក្នុងប្រទេស​ហ្វីលីពីន នៅចំពោះ​មុខ​គណៈ​កម្ម​ការ​សិទ្ធិ​មនុស្ស​​នៃ​សភា​​អាមេរិក។ លោក ឌូតឺតេ បានថ្លែង​ប្រាប់ក្រុម​អ្នកសារព័ត៌មាន​ថា «វានឹងគ្មានថ្ងៃ​ជាដាច់ខាត ដែលខ្ញុំនឹង​ធ្វើដំណើរទៅ​កាន់​សហ​រដ្ឋអាមេរិក... មិនថា​ទាំងក្នុងអំឡុង​ពេលអាណត្តិ​កាន់អំណាច​របស់ខ្ញុំ ឬមួយក៏បន្ទាប់​ពីផុតអាណត្តិ​នោះ​ឡើយ»«ខ្ញុំធ្លាប់បាន​ឃើញហើយ​អាមេរិក​នោះ​... ​វាមើល​ទៅអន់ៗ និងអាក្រក់ណាស់។ ពួកគេមាន​ករណីរំលោភបំពាន​លើសិទិ្ធ​មនុស្សជាច្រើន»។ លោក​ប្រធានាធិប​តីហ្វីលីពីន បានបន្ថែម​​បែបនេះ ដោយចង់​សំដៅ​ទៅលើកងទ័ព​អាមេរិក ដែលកំពុង​បំពេញ​បេសកកម្ម​នៅតំបន់​មជ្ឈិមបូព៌ា។

ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ដែលបានឡើង​កាន់អំណាច​កាលពីឆ្នាំមុន ធ្លាប់បាន​ប្រកាសឲ្យដឹងថា លោកកំពុង​​​ដក​​ប្រទេស​របស់​លោក​ ​​ឲ្យឃ្លាត​​ឆ្ងាយពី​សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត​ការពារជាតិដ៏ចម្បង​របស់ហ្វីលីពីន បន្ទាប់ពីរដ្ឋបាល​អតីតប្រធានាធិបតី​អាមេរិក លោក បារ៉ាក់​ អូបាម៉ា បានធ្វើការរិះគន់​ចំពោះយុទ្ធនាការ​ប្រឆាំងគ្រឿងញៀន​ដ៏បង្ហូរឈាម​របស់លោក ឌូតឺតេ ដែលបានផ្តាច់ជីវិត​មនុស្ស​រាប់ពាន់នាក់។

តែផ្ទុយទៅវិញ​ក្រោយពីលោក ដូណាល់ ត្រាំ បានជាប់ឆ្នោត​ជាប្រធានាធីបតី​អាមេរិកថ្មី លោក ត្រាំ បានហៅទូរស័ព្ទទៅកាន់ លោក ឌូតឺតេ កាលពី​មេសាកន្លងទៅនេះ និងថ្លែងកោតសរសើរ​ក៏ដូចជាសាទរចំពោះ យុទ្ធនាការបង្រ្កាបគ្រឿនញៀន​របស់ លោក ឌូតឺតេ ហើយថែមទាំងបាន​ផ្តល់ការ​អញ្ជើញ​បុរសខ្លាំងហ្វីលីពីន​រូបនេះ ទៅកាន់សេតវិមានថែមទៀតផង។ កាលនោះ លោក ឌូតឺតេ បាននិយាយថា លោកមិនទាន់អាច​ធ្វើទស្សនកិច្ច​ទៅកាន់អាមេរិកបានឡើយ ដោយសារតែលោកមានដំណើរទស្សនកិច្ចនៅក្រៅប្រទេស​ដទៃៗទៀត ដែលត្រូវ​បានគ្រោងទុក​ជាមុនរួចទៅ​ហើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីនរូបនេះ ធ្លាប់បានប្រើប្រាស់ពាក្យពេចន៍​ដ៏អាក្រក់ៗ​ដាក់ លោក អូបាម៉ា ដោយសារតែការរិះគន់​របស់អតីតមេដឹក​​នាំអាមេរិករូបនេះ ក៏ប៉ុន្តែបាន​បង្ហាញកាយវិការ​ ក៏ដូចជាចេតនា​រាក់ទាក់​ចំពោះលោក ដូណាល់ ត្រាំ៕