(វ៉ាស៊ីនតោន)៖ សេតវិមាន​បានប្រកាសថា នឹងចាត់វិធានការធ្ងន់ធ្ងរ​ថ្មីថែមទៀត ប្រឆាំងនឹង​ប្រទេសអ៊ីរ៉ង់ ប្រសិនបើបណ្តា​អ្នកទោស​អាមេរិក ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយអយុត្តិធម៌​នៅក្នុងប្រទេសនេះ មិនត្រូវបានដោះលែង​ឲ្យធ្វើមាតុភូមិ​និវត្តន៍ មកកាន់​សហរដ្ឋអាមេរិក​វិញទេនោះ។ នេះ​បើ​តាម​ការ​​ចេញ​ផ្សាយដោយ​សារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀលថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។

រដ្ឋបាលលោក ដូណាល់ ត្រាំ បានថ្លែងថា «ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈ​រួចជាស្រេច ដើម្បីដាក់ចេញ​វិធានការថ្មី​ហើយ​មានកម្រិតធ្ងន់ធ្ងរ​ខ្លាំង ចំពោះប្រទេសអ៊ីរ៉ង់ លុះត្រាតែ​ជនជាតិ​អាមេរិកទាំងអស់ ដែលបាន​ជាប់ឃុំខ្លួន​ដោយ​អយុត្តិធម៌ ត្រូវដោះលែង​ឲ្យមានសេរី​ភាព ហើយវិលត្រឡប់​មកប្រទេស​កំណើតវិញ»។ បើតាម​សេតវិមាន ចំណាត់ការធ្ងន់ៗ​ថ្មីទាំងនេះ នឹងត្រូវដាក់ប្រឆាំង​ទៅលើអ៊ីរ៉ង់ បើសិនជា​​មេ​ដឹក​នាំ​​នៃ​ប្រជា​​ជាតិ​​នេះ មិនបញ្ជូន​ពលរដ្ឋអាមេរិក​ទាំងអស់មកកាន់​មាតុភូមិវិញ នាពេលឆាប់ៗ​ខាងមុខ​ទេនោះ។

ជុំវិញរឿងនេះ ទីក្រុងវ៉ាស៊ីនតោន​បានអះអាងថា ពលរដ្ឋ​របស់ខ្លួនកំពុងស្ថិត​ក្រោមការឃុំឃាំងដោយអយុត្តិធម៌ ខណៈសេតវិមាន​បានលើកឡើង​ថា​ អស់រយៈពេល​ជិត ៤០ឆ្នាំ អ៊ីរ៉ង់បាន​យកការឃុំឃាំង និងការចាប់​ជាចំណាប់​ខ្មាំង ធ្វើជាឧបករណ៍​នយោបាយ ហើយវា​គឺ​ជា​ការអនុវត្តន៍​ដ៏អាក្រក់មួយ ដែលទីក្រុងតេហេរ៉ង់​បាន​និងកំពុងបន្តមក​ទល់​សព្វថ្ងៃនេះ៕