(វ៉ាស៊ីនតោន)៖ រដ្ឋហាវ៉ៃរបស់​សហរដ្ឋអាមេរិក​នាពេលថ្មីៗនេះ បានធ្វើការប្រកាសអំពីវិធាន​មួយចំនួន ដើម្បីការពារប្រជាជនរបស់ខ្លួន ឲ្យ​មានសុវត្ថិ​ភាពពីការវាយប្រហារ​ប្រហារមីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាង ដែលអាចនឹង​កើតមានឡើង​នាពេលអនាគត។ នេះ​បើ​តាម​​សេចក្តី​រាយ​ការណ៍​​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ជាច្រើន​​ដកស្រង់​ដោយទីភ្នាក់​ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមទីភ្នាក់ងារ​ព័ត៌មាន AP និងបណ្តាញព័ត៌មាន​ដទៃៗទៀត ផែនការខាង​លើរួមមាន​ការប្រកាស​ជា​សាធារណៈ ឲ្យ​ប្រជាពលរដ្ឋព្យាយាមនៅក្នុងផ្ទះ ឬអគារនានា, ការហាត់សម​ជម្លៀសមនុស្ស​ចេញពីសា​លារៀន, និងប្រព័ន្ធបំពង​សំឡេង​ក្នុងគ្រាអាសន្នថ្មី ដែល​នឹង​ត្រូវ​​ធ្វើ​តេស្ត​សាកល្បង ចាប់ពីខែវិច្ឆិកា​ចុងឆ្នាំ​នេះទៅ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ន​របស់រដ្ឋហាវ៉ៃ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍​របស់ខ្លួនថា «យើងមិន​ចង់បង្កភាពវឹកវរ​ណាមួយ ដល់សាធារណជន​នោះឡើយ ក៏ប៉ុន្តែយើង​មានការទទួល​ខុសត្រូវ ដើម្បីរៀបចំផែនការសម្រាប់ហានិភ័យ​ទាំងឡាយ។ យើងមិនដឹង​ច្បាស់អំពី​សមត្ថភាព​ពិតប្រាកដ​ ឬមួយក៏ចេតនា​របស់រដ្ឋាភិបាល​កូរ៉េខាងជើង​នោះទេ តែមានភស្តុតាង​យ៉ាងជាក់​ស្តែងថា រដ្ឋកុម្មុយនិស្ត​មួយនេះ កំពុងព្យាយាម​អភិវឌ្ឍន៍​គ្រាប់​​មីស៊ីលផ្លោង ដែលអាច​វាយប្រហារ​ដល់រដ្ឋរបស់យើង​នាថ្ងៃណាមួយ​មិនខាន។ ដូច្នេះ​ហើយ យើងមិនអាច​អូសបន្លាយ ការចាប់​ផ្តើមយុទ្ធនាការ​​ផ្សព្វផ្សាយដំណឹង​សាធារណៈរបស់​យើង ដើម្បីធានាថា ប្រជាជនហាវ៉ៃ នឹងដឹងច្បាស់ពី​អ្វីដែលពួកគេ​ត្រូវធ្វើ នៅក្នុងករណី​ដែលហេតុការណ៍​ដ៏​អាក្រក់នេះ​កើតឡើង»

គួរបញ្ជាក់ថា បើតាមអ្នកជំនាញជាច្រើន រដ្ឋហាវ៉ៃអាចស្ថិតក្នុងរយៈចម្ងាយនៃមីស៊ីលផ្លោងរបស់កូរ៉េខាងជើង នាពេលឆាប់ៗខាងមុខ ប្រសិនបើ​មិន​ទាន់ស្ថិត​ក្រោមរ៉ាដារបស់​ប្រទេសកុម្មុយនិស្ត​ដ៏ឯកោមួយនេះ រួចស្រេចទៅហើយ​ទេនោះ​ ដោយផ្អែកលើការ​ធ្វើតេស្តមីស៊ីល​ផ្លោងឆ្លងទ្វីប ដោយ​​ជោគជ័យរបស់​ទីក្រុងព្យុងយ៉ាង​កាលពីថ្ងៃទី០៤ ខែកក្កដា៕