(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមានលោក Sean Spicer បានដាក់ពាក្យលាលែងពីតំណែងហើយនាថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ បានសម្រេចជ្រើសតាំងទីប្រឹក្សាជាន់ខ្ពស់របស់លោកគឺលោក Anthony Scaramucci ធ្វើជាប្រធានទំនាក់ទំនងប្រចាំ​សេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមមន្រី្តសេតវិមានមួយរូប បានឲ្យដឹងថា លោក Spicer វ័យ៤៥ឆ្នាំ បានលាលែងពីតំណែងហើយ។ ក្នុងអំឡុងពេលកាន់តួនា​ទីជា​អ្នក​នាំ​​ពាក្យ​សេតវិមានលោក Sean Spicer ពេលខ្លះត្រូវបានគេរិះគន់ ដោយសារតែពួកគេបានចោទប្រកាន់រូបលោកថា បានផ្តល់សេចក្តីថ្លែង​ការណ៍​ដែល​មិន​ពិតប្រាកដ ហើយធ្វើឲ្យមានការភ័ន្តច្រឡំ។ ម៉្យាងវិញទៀត ក្នុងពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ លោក Spicer មិន​សូវ​ជា​បាន​បង្ហាញ​នៅ​ក្នុង​បន្ទប់​សារ​ព័ត៌មានរបស់ សេតវិមានប៉ុន្មានឡើយ ហើយមកដល់ពេលនេះក៏លេចឡើងដំណឹងថារូបលោក បានលាលែងពីតំណែងនេះតែម្តង៕