(កាប៊ុល)៖ កងកម្លាំងសន្តិសុខ និងការពារជាតិ​អាហ្វហ្គានីស្ថាន (ANDSF) បានផ្តាច់ជីវិត​ពួកឧទ្ទាម​សរុប ៩៨នាក់ នៅទូទាំងផ្ទៃប្រទេស គិតចាប់​តាំងតែ​ពីព្រលឹមថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះមក។ នេះបើតាម​ការឲ្យដឹង​ពីក្រសួងការពារជាតិ​អាហ្វហ្គានីស្ថាន ដកស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។

ក្រសួងខាងលើ​បានបញ្ជាក់នៅ​ក្នុងសេចក្តីថ្លែងការណ៍​របស់ខ្លួនថា «ក្នុងអំឡុង​ពេល ២៤ម៉ោងកន្លង​ទៅនេះ កងកម្លាំង ANDSF បានបើក​ប្រតិបត្តិការ​​​ក្តៅ​គគុក​ប្រឆាំងភេរវកម្ម ដើម្បីបោស​សម្អាតក្រុមភេរវករ និងសត្រូវទាំងឡាយ​ចេញពី​តំបន់មួយ​ចំនួន ដើម្បីស្តារសន្តិភាព​ក៏ដូចជាស្ថិរភាព​ នៃអាហ្វ​ហ្គានីស្ថាន​ ហើយបានផ្តាច់​ជីវីតក្រុមឧទ្ទាម​ប្រដាប់អាវុធ​ប្រមាណ ៩៨នាក់ និងបានបង្ក​ឲ្យរបួស ៣៦នាក់​ផ្សេងទៀត»។ បើតាម​សេចក្តីថ្លែងការណ៍​​ដ​ដែលនេះ សមាជិកមួយ​ចំនួន​របស់ក្រុមឧទ្ទាម​តាលីបង់ រួមទាំង​អ្នកប្រយុទ្ធ ISIS ចំនួន​០៤នាក់ ក៏បានបាត់បង់ជីវិត​ក្នុងអំឡុង​ប្រតិបត្តិការយោធា​នេះ​ផងដែរ។

គួរបញ្ជាក់ថា កងទ័ព​​អាហ្វហ្គានីស្ថាន បានបង្កើន​ការ​ធ្វើប្រតិបត្តិការ​​សន្តិសុខ​យ៉ាងសកម្ម ប្រឆាំងនឹង​ក្រុមសកម្ម​ប្រយុទ្ធ​​​ក្នុងអំឡុង​​ពេល​​​ថ្មីៗ​នេះ ស្រប​ដែល​​​​ពេល​ចំនួន​​​នៃ​ការវាយប្រហារ​​​ដោយក្រុម​ឧទ្ទាម​​តាលីបង់ និងក្រុម​​ភេរវករ ISIS បានកើនឡើង​​​យ៉ាងសម្បើម នៅ​ទូទាំង​​​​ប្រទេស​​​អាស៊ី​ខាងត្បូង​មួយនេះ៕​