(ហ្វីលីពីន)៖ ទោះបីជាសង្គ្រាមនៅតែមិនទាន់បញ្ចប់ក៏ដោយ ក៏លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ប្រធានាធិបតីហ្វីលីពីន នៅតែជម្នះមកបំពេញទស្សនកិច្ចនៅសមរភូមិ ទីក្រុង Marawi ទាល់តែបាន ខណៈដែលការព្យាយាមមកកាន់​ទី​នេះ បានកើតមានឡើងពីរលើករួចមកហើយ ប៉ុន្តែមិនបានសម្រេច។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានហ្វីលីពីន នាព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។

ការមកបំពេញទស្សនកិច្ចរបស់ លោក ឌូតឺតេ នៅទីក្រុង Marawi នេះបានកើតមានឡើងតែ ០៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីច្បាប់អាជ្ញាសឹកនៅទូទាំងខេត្តមីនដាណាវ ត្រូវបានពន្យាពេលបន្តទៅមុខទៀត ក្រោយពីត្រូវបានដាក់​តាំងពីថ្ងៃទី២៣ ខែឧសភា ក៏ព្រោះតែសង្គ្រាមរវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមគាំទ្រពួកភេរវករ ISIS នៅភាគខាងត្បូងហ្វីលីពីន មិនអាចបញ្ចប់ទៅតាមការគ្រោងទុក របស់លោកប្រធានាធិបតីនៅឡើយ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ មនុស្សសរុប ៥៦៥នាក់បានស្លាប់បាត់បង់ជីវិត នៅក្នុងនោះមានក្រុមភេរវករ ៤២១នាក់, កងទ័ពរដ្ឋាភិបាល ៩៩នាក់, និងជនស៊ីវិល ៤៥នាក់។ ចំពោះការមក​បំពេញទស្សនកិច្ចរបស់ លោក ឌូតឺតេ នៅពេលនេះ គឺដើម្បីត្រួតពិនិត្យអំពីស្ថានភាពទូទៅ និងសួរសុខទុក្ខ​ប្រជាជនហ្វីលីពីន ដែលកំពុងរស់នៅភៀសខ្លួន​គេចចេញពីសង្គ្រាម​ដ៏ក្តៅគគុក ដោយមិនដឹងថាពេលណាចប់។ សារព័ត៌មានក្នុងស្រុកចេញផ្សាយថា លោក ឌូតឺតេ ធ្វើទស្សនកិច្ចនាពេលនេះ គឺស្ថិតនៅក្នុងស្ថានភាពសន្តិសុខ​មិនអំណោយផល ប៉ុន្តែលោកត្រូវតែមកជាដាច់ខាត ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង៕