(អ៊ីស្លាម៉ាបាដ)៖ រដ្ឋាភិបាលប៉ាគីស្ថាន​បានច្រានចោលផ្នែកខ្លះ នៃរបាយការណ៍ថ្មីមួយ​របស់សហរដ្ឋអាមេរិក ដែលនិយាយថា ទីក្រុងអ៊ីស្លាម៉ាបាដ​មិនបានចាត់វិធានការ​ចាំបាច់ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធតាមលីបង់ ឬ​ក្រុម Haqqani អាហ្វហ្គានីស្ថាន ឬក៏ចូលរួមទប់ស្កាត់ការគំរាមកំហែង ពីសំណាក់ក្រុម​សកម្មប្រយុទ្ធ​ទាំងនេះ ដល់ផលប្រយោជន៍​អាមេរិក នៅក្នុងប្រទេស​អាហ្វហ្គានីស្ថាន​នោះឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​របាយការណ៍​មួយមានឈ្មោះថា «Country Report on Terrorism 2016» ចេញផ្សាយ​កាលពី​ថ្ងៃពុធដោយក្រសួងការបរទេស​អាមេរិក ទីក្រុងវ៉ាស៊ីនតោន​បានអះអាង​ដែរថា កាលពី​ឆ្នាំ២០១៦ ប៉ាគីស្ថាន​ក៏មិនបានចាត់​វិធានការ​គ្រប់គ្រាន់ ប្រឆាំងនឹង​ក្រុម​សកម្មប្រយុទ្ធ​ដទៃទៀត​ដូចជា Lashkar-e-Taiba , Jaish-e-Mohammed ដែលជា​ហេតុធ្វើឱ្យពួកគេ​ នៅតែ​អាចបន្ត​ធ្វើប្រតិបត្តិការ និងប្រមូល​មូលនិធិ​នៅក្នុងប្រទេស​ប៉ាគីស្ថាន។

ប៉ុន្តែជុំវិញ​របាយការណ៍​នេះដែរ ក្រសួង​ការបរទេស​ប៉ាគីស្ថាន​បានសម្ដែង​ការជំទាស់​យ៉ាងខ្លាំង ហើយ​និយាយថា ប្រទេស​របស់ខ្លួន​បានចាត់វិធានការ​តឹងរឹង​ជាច្រើន​ ក្នុងការប្រយុទ្ធប្រឆាំង​នឹង​ពួកភេរវករ។ «យើងបាន​ចាត់វិធានការ និងធ្វើសកម្មភាព​ដោយគ្មាន​ការរើសអើង​ ប្រឆាំងនឹងពួកភេរវករ​ដែលកំពុងរត់គេច​ខ្លួន ដោយក្នុងនោះ​ភាគច្រើន​ក្នុងចំណោមពួកគេ​ បានរត់ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន ដែលកំពុង​ញាំញីដោយអំពើហិង្សា​ អស់​រយៈពេល​ជិត ៤០ឆ្នាំមកនេះ... កិច្ចខិតខំ​ប្រឹងបែ្រង​របស់ប៉ាគីស្ថាន​ ប្រឆាំងភេរវករ​បានទទួល​ជោគជ័យ ក៏ដូចជាត្រូវបាន​ទទួល​ស្គាល់ពីប្រទេស​មួយចំនួន ក្នុងនោះ​មានទំាង​សហរដ្ឋអាមេរិក​ផងដែរ»។​ នេះបើតាមអ្នក​នាំពាក្យ​ក្រសួងការបរទេស​ប៉ាគីស្ថាន លោក Nafees Zakaria៕