(វ៉ាស៊ីនតោន)៖ មន្រ្តីការពារជាតិអាមេរិក​បានអះអាងថា ការធ្វើតេស្តមីស៊ីល​បន្ទាប់ទៀត​របស់កូរ៉េខាងជើង អាចនឹងកើត​ចេញពី​ក្រោមទឹក ខណៈ​ទីក្រុង​ព្យុងយ៉ាង​ទំនងជាកំពុងត្រៀមរៀបចំ​ខ្លួន សម្រាប់​ការបាញ់មីស៊ីល​ចេញពីនាវាមុជទឹក នាពេលឆាប់ៗខាងមុខ។ នេះបើតាមការ​​ចេញ​ផ្សាយ​ដោយ​ សារព័ត៌មាន​រុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមមន្រ្តី​មិនបញ្ចេញអត្តសញ្ញាណ​ចំនួនពីររូប ថ្លែងប្រាប់ស្ថានីយ៍ទូរទស្សន៍ CNN បានឲ្យ​ដឹងថា ក្នុងអំឡុង​ពេល ៤៨ម៉ោងចុងក្រោយនេះ នាវា​មុជទឹក​កូរ៉េខាងជើង ដែលមាន​ប្រវែង ៦៥ម៉ែត្រ​ចំនួនមួយ​គ្រឿង បានបង្ហាញពី​សកម្មភាព​ចល័តដោយ​ខុសពីធម្មតា ដោយនាវា​មួយគ្រឿងនោះ​បាន​ធ្វើ​ដំណើរ​ឆ្ងាយប្លែក​ជាងរាល់ដង មុនចូលដល់​ដែនទឹក​អន្តរជាតិ ក្នុងល្បឿន​ប្រមាណ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោងឆ្ពោះ​ទៅកាន់​សមុទ្រជប៉ុន។

មន្រ្តីមួយរូប​ក្នុង​ចំណោមនោះ​បានឲ្យ​ដឹងថា សកម្មភាព​គួរឲ្យសង្ស័យបែបនេះ​របស់នាវាមុជទឹក​កូរ៉េខាងជើង បានបណ្តាល​ឲ្យកងទ័ព​កូរ៉េខាងត្បូង​ក៏ដូចជាអាមេរិក បង្កើនការ​ប្រុងប្រយ័ត្ន​របស់ពួកគេបន្តិច ស្របពេល​ដែលទីក្រុង​វ៉ាស៊ីនតោន បាននិង​កំពុងដាក់ក្រសែភ្នែក​ឃ្លាំមើល​នាវាមួយគ្រឿង​​នោះយ៉ាងជាប់ តាមរយៈឧបករណ៍​ស៊ើបការណ៍។

គួរបញ្ជាក់ថា បើតាមអ្នក​ជំនាញជាច្រើន ប្រទេសកូរ៉េខាងជើង​អាចមាននាវាមុជទឹកដល់ទៅ ៧០គ្រឿង ក៏ប៉ុន្តែភាគ​ច្រើនពួកវា​ ប្រហែលជាពុំមាន​សមត្ថភាពបាញ់មីស៊ីលបាន​នោះឡើយ។ ទោះជា​បែបនេះក្តី ទីក្រុងព្យុងយ៉ាង បានធ្វើការ​បាញ់សាកល្បង​មីស៊ីលមួយគ្រាប់​ដោយជោគជ័យ ចេញ​ពីនាវាមុជទឹក​ប្រភេទ Gorae កាលពី​ខែសីហា ឆ្នាំ២០១៦៕