(បរទេស)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ត្រាំ និងសមភាគីកូរ៉េខាងត្បូងលោក ម៉ូន ជេអ៊ីន ចាំបាច់ត្រូវតែប្រឈមមុខនឹងការពិតអំពីអាវុធនុយកេ្លអ៊ែរ កូរ៉េខាងជើងនោះគឺថា គ្រាប់បែកនុយក្លេអ៊ែររបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង គឺមានយ៉ាងពិតប្រាកដ។ មិនតែប៉ុណ្ណោះប្រទេសកូរ៉េខាងជើង បានគូសបញ្ជាក់ថា ខ្លួនអាចបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប ដែលអាចបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនទៅដល់រដ្ឋអាឡាស្កាបាន។

លោក ត្រាំ ត្រូវតែទទួលស្គាល់ការពិតដែលបញ្ជាក់ថា ការដាក់ទណ្ឌកម្ម និងការប្រើប្រាស់កម្លាំងយោធា មិនអាចផ្លាស់ប្តូរឥរិយាបទដ៏រឹងរូសរបស់មេដឹកនាំ កូរ៉េខាងជើងបានឡើយ។ ដោយឡែកលោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េត្បូង ចាំបាច់ត្រូវតែទទួលស្គាល់ថា គោលនយោបាយ «Sunshine» ផ្តោតលើវិស័យសេដ្ឋកិច្ច និងនយោបាយរវាងកូរ៉េទាំងពីរ មិនអាចល្បួងរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ឱ្យដើរចេញឆ្ងាយពីអាវុធនុយក្លេអ៊ែរបានឡើយ ដរាបណា មេដឹកនាំកំពូល គីម ជុងអ៊ុន ចាត់ទុកគ្រឿងសព្វាវុធមានតម្លៃស្មើនឹងអាយុជីវិតរបស់ខ្លួននោះ។

ពាក់ព័ន្ធនឹងវិបត្តិនេះ រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន គួរតែលុបចោលវិធានការណ៍ប្រើប្រាស់យោធាចេញពីតុចរចាលើកលែងតែវិបត្តិនេះឈានដល់ដំណាក់កាល ធ្ងន់ធ្ងររហូតមិនអាចមានជម្រើសផ្សេងទៀតជំនួសបាន។ សូមចាំថា ភាពចលាចលដែលបណ្តាលមកពីការប្រើប្រាស់កម្លាំងយោធារបស់អាមេរិក ដើម្បីឈ្លានពាន និងដើម្បីបំផ្លាញគ្រាប់បែករបស់កូរ៉េខាងជើង នឹងបង្កគ្រោះថា្នក់ដល់ឧបទ្វីបកូរ៉េទាំងមូលតែម្តង ព្រមទាំងបង្កឱ្យប្រជាពលរដ្ឋកូរ៉េខាងត្បូង រាប់រយពាន់នាក់ស្លាប់បាត់បង់ជីវិត។

ហេតុនេះដើម្បីអូសទាញកូរ៉េខាងជើង ចេញពីការប្រើប្រាស់នុយក្លេអ៊ែរគួរតែពិចារណា លើវិធានការណ៍មួយចំនួនដូចខាងក្រោម៖

ទីមួយ៖ គឺការរារាំងមិនឱ្យស្ថានភាពឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។ កន្លងមកនៅពេលដែលភាពតានតឹងរវាងមហាអំណាចនុយក្លេអ៊ែរ ដូចជា រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ឬរវាងឥណ្ឌា និងប៉ាគីស្ថានកើតមានឡើង ហនិភ័យនៃការបំផ្ទុះនុយក្លេអ៊ែរមិនងាយនឹងកើតឡើងឡើយ ដោយសារតែការទប់ស្កាត់មិនឱ្យវាឈានទៅរកភាពធ្ងន់ធ្ងររហូតគ្រប់គ្រងលែងបាន។

ទីពីរ៖ ជ្រើសយកវិធានការណ៍ប្រកបដោយទំនុកចិត្ត ដែលធ្លាប់ប្រើប្រាស់ក្នុងសម័យសង្គ្រាមត្រជាក់ មកអនុវត្តន៍ដើម្បីកាត់បន្ថយជាបន្តទៀតនូវហនិភ័យនៃការ ផ្ទុះសង្គ្រាម។ ក្នុងវិធានការណ៍នេះ គឺធ្វើឱ្យរស់ឡើងវិញនូវប្រព័ន្ធទំនាក់ទំនងភ្លាមៗរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ហើយដាក់បញ្ជូលសហរដ្ឋអាមេរិក ក្នុងប្រព័ន្ធទំនាក់ទំនងនេះផងដែរ ដើម្បីអនុញ្ញាតិឱ្យមានការធ្វើទំនាក់ទំនងគ្នាភ្លាមៗរវាងកូរ៉េទាំងពីរជាមួយរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន។ ហេតុនេះទំនាក់ទំនងរវាងគូសត្រូវទាំងពីរភាគីអាចនឹងប្រសើរឡើងបន្តិច។

គួរបញ្ជាក់គ្នាទៅវិញទៅមកទៅលើរឿងផ្សេងៗ ពិសេសកាត់បន្ថយកម្លាំងយោធា និងអាវុធធន់ធ្ងន់នៅតាមបន្ទាត់ព្រំដែន ដែលនឹងជួយកាត់បន្ថយក្តីបារម្ភ អំពីការកើតមាននូវការផ្ទុះអាវុធជាយថាហេតុណាមួយ។

ត្រឹមតែកាត់បន្ថយកម្លាំងយោធាតាមបន្ទាត់ព្រំដែននេះ ក៏ជួយកាត់បន្ថយការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកផងដែរ។ ចំណែកកូរ៉េខាងជើង ក៏ទំនងនឹងកាត់បន្ថយការដាក់ពង្រាយកម្លាំងយោធាដូចគ្នា។ វិធានការណ៍នេះអាចធ្វើឡើងក្នុងទិសដៅជាច្រើនយ៉ាង។ បន្ទាប់ពីស្ថានភាពធូរស្រាលបន្តិចហើយ សហរដ្ឋអាមេរិកអាចចាប់ផ្តើមស្វែងយល់អំពីចំណាប់អារម្មណ៍របស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាងបន្តិចម្តងៗតាមរយៈប្រទេសចិន ឬភាគីទីបីជាដើម។

បន្ទាប់មកគឺព្យាយាមគ្រប់គ្រងវិបត្តិនុយក្លេអ៊ែរ។ ការពិតទៅវាមានការលំបាកក្នុងការកំណត់ថា តើកូរ៉េខាងជើង ងាយនឹងចាប់ផ្តើមការបង្កហេតុដោយប្រើប្រាស់ អាវុធដែរឬទេ។ ហេតុការណ៍បាញ់ពន្លិចនាវាកូរ៉េខាងត្បូងពីសំណាក់កូរ៉េខាងជើង មិនដឹងថាដើម្បីជាការបង្កភាពអាម៉ាស់ ឬដើម្បីបំផិតបំភ័យរដ្ឋាភិបាលក្រុង សេអ៊ូល។ វាមិនងាយនោះទេ ក្នុងការបញ្ឈប់ភាពតានតឹងដែលបានកើនឡើងនូវកម្តៅរួចទៅហើយនោះ ហេតុនេះគឺវាទាមទារជាចាំបាច់នូវការគ្រប់គ្រង វិបត្តិនេះឱ្យបានហ្មត់ចត់កុំអនុញ្ញាតិឱ្យវាកាន់តែធ្ងន់ធ្ងរ។ ខុសពីករណីវិបត្តិគ្រាប់មីស៊ីលនៅប្រទេស គុយបា ឬក្នុងករណីសង្គ្រាមរវាងចិន និងសហភាពសូវៀត ព្រោះថាវិបត្តិនៅឧបទ្វីបកូរ៉េមិនអាចព្យាករណ៍ទុកជាមុនបានឡើយ។

ខាងក្រោមនេះជាអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អាចដកស្រង់មេរៀនពីក្នុងប្រវត្តិសាស្ត្រដើម្បីមកសិក្សាបានគឺ៖

ប្រសិនបើវិបត្តិកើតឡើងរហូតគ្រប់គ្រងលែងបាន សហរដ្ឋអាមេរិកគួរតែត្រៀមភាគីទីបី ដើម្បីធ្វើអ្នកសម្របសម្រួលជាស្រេចដើម្បីដោះស្រាយវិបត្តិនេះ ក្នុងស្ថានភាព ភ្លាមៗណាមួយ។ ក្នុងករណីពាក់ព័ន្ធនឹងមេដឹកនាំ គីម ជុងអ៊ុន សហរដ្ឋអាមេរិកគួរតែធ្វើការប្រឹក្សាជាមួយរដ្ឋាភិបាលក្រុង ប៉េកាំង ដើម្បីឱ្យប្រទេសចិន ត្រៀមជាស្រេចក្នុងការធ្វើជាអ្នកសម្របសម្រួល ក្នុងកាលៈទេសៈបើចាំបាច់ណាមួយ។

ម្យ៉ាងទៀត លោក ត្រាំ និងលោក ម៉ូន គួរតែប្រើប្រាស់ភាគីឯកជនណាមួយដើម្បីជាដោះស្រាយវិបត្តិ។ ជាឧទាហរណ៍ក្នុងអំឡុងនៃវិបត្តិមីស៊ីលនៅគុយបា សហភាពសូវៀត បែរជាប្រើប្រាស់ពាណិជ្ជករអាមេរិក និងអ្នកឆ្លើយឆ្លងសារព័ត៌មាន ABC ។ ដោយឡែកក្នុងករណីរដ្ឋាភិបាលក្រុង ព្យុងយ៉ាង សហរដ្ឋអាមេរិក អាចចាត់តាំងអតីតមន្ត្រីដែលពេញដោយបទពិសោធន៍ផ្នែកការទូត ឬអនុញ្ញាតឱ្យអ្នកណាម្នាក់ដូចជា អតីតប្រធានាធិបតីជាដើម ដើម្បីដើរតួនាទីក្នុងការសម្រប សម្រួលវិបត្តិនេះដោយការធ្វើទំនាក់ទំនងជាមួយកូរ៉េខាងជើង។ ជាក់ស្តែងដូចជាក្នុងសម័យលោក ប៊ីល គ្លីនតុន ដែលប្រើប្រាស់អតីតប្រធានាធិបតីអាមេរិក លោក ជីម៊ីកាទ័រ ដើម្បីដោះស្រាយវិបត្តិនុយក្លេអ៊ែរក្នុងអំឡុងឆ្នាំ១៩៩៤ជាដើម។

ក្រៅពីនេះសហរដ្ឋអាមេរិក អាចជ្រើសរើសបញ្ជូនមន្ត្រីជាន់ខ្ពស់ណាម្នាក់ ដើម្បីធ្វើកិច្ចជំនួបជាមួយគូសត្រូវរបស់ខ្លួន ដើម្បីស្វែងរកដំណោះស្រាយ ដែលនេះមិនខុស អ្វីពីរដ្ឋាភិបាលគ្រីមឡាំង ធ្លាប់បានអនុវត្តក្នុងឆ្នាំ១៩៦៩ ដោយបានបញ្ជូនលោក Alexei Kosygin ទៅប៉េកាំងជាជម្រើសចុងក្រោយ ដើម្បីដោះស្រាយ ការប្រឈមមុខដាក់គ្នារវាងចិន និងសូវៀត។ ជាការពិតដំណោះស្រាយខាងលើសុទ្ធតែធ្លាប់ទទួលបានជោគជ័យរួចទៅហើយ។

សូមមានជំនឿថា យើងអាចទប់ស្កាត់កូរ៉េខាងជើង មិនឱ្យប្រើប្រាស់នុយក្លេអ៊ែរជាអាវុធសម្រាប់កំញើញសត្រូវបាន។ ពេលវេលាក្នុងការសម្រេចកិច្ចការនេះ វាអាស្រ័យទៅលើយើងទាំងអស់គ្នា ហេតុនេះគួរតែសាកល្បង៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា