(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំង សកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សារព័ត៌មាន CNN បានរាយការណ៍ថា កូរ៉េខាងជើង​ទំនងជាកំពុងរៀបចំ​ការបាញ់សាកល្បង​មីស៊ីលផ្លោងឆ្លងទ្វីប ICBM ឬក៏មីស៊ីល​រយៈចំងាយ​មធ្យម​ជាថ្មីម្ដងទៀត នៅក្នុងរយៈពេល ពីរសប្ដាហ៍ខាងមុខនេះ ក្រោយទទួលជោគជ័យលើការធ្វើតេស្ដមីស៊ីល ICBM ​ជាលើកដំបូងកាលពីថ្ងៃទី០៤ ខែកក្កដា៕

២៖ អ៊ីរ៉ង់ បានដាស់តឿនសហរដ្ឋអាមេរិក​ ឱ្យផ្លាស់ប្តូរ​មូលដ្ឋានទ័ព​ចេញទៅឲ្យ​ឆ្ងាយហួសពី ១,០០០គីឡូម៉ែត្រ ពីព្រំដែន​របស់ខ្លួន​ បើសិនជាចង់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹង​ទីក្រុងតេហេរ៉ង់ បើមិនដូច្នោះទេ​ ទីក្រុងវ៉ាស៊ីនតោន អាច​ប្រឈម​​មុខ​​នឹងហានិភ័យជាមួយការតបស្នងជាតម្លៃមកវិញ​យ៉ាង​សាកសម៕

៣៖ រដ្ឋបាល​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្ត​បញ្ឈប់ផែនការ​សម្ងាត់​របស់ទីភ្នាក់​ចារកិច្ច CIA ក្នុងការ​បំពាក់​អាវុធ និងបណ្ដុះបណ្ដាល​ក្រុម​ឧទ្ទាមស៊ីរី ដើម្បីផ្ដួល​រំលំ​រដ្ឋាភិបាលប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់អាស្សាដ៕

៤៖ ក្រសួងការពារជាតិរុស្ស៊ី បានដាក់តាំង​បង្ហាញជាលើកដំបូងនូវយន្ដហោះចម្បាំងជំនាន់ទី០៥ T-50 (PAK FA) ដែលអាចហោះក្នុងល្បឿនអតិបរាម៉ា២៦០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងត្រូវ​បានរចនាឡើងដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាព និងសុវត្ថិភាពហោះហើរ របស់​កងកម្លាំងទ័ព​អាកាសរុស្ស៊ី៕

៥៖ ព្រឹទ្ធសមាជិកអាមេរិក​នៃគណបក្ស​សាធារណៈរដ្ឋ លោក John McCain ត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថាលោកមានជំងឺមហារីកខួរក្បាល​ស្ថិតនៅក្នុងតំណាក់​កាល​មួយដ៏គ្រោះថ្នាក់៕

៦៖ ចំនួនមនុស្ស​បាត់បង់ជីវិត​បានកើនដល់ ០៨នាក់ហើយ និងបួននាក់​ផ្សេងទៀត​នៅបន្តបាត់ខ្លួន​នៅឡើយ បន្ទាប់ពីព្យុះ​ត្រូពិក Talas ​បាន​វាយលុក​លើ​បណ្តាខេត្តភាគកណ្តាល​ប្រទេសវៀតណាម កាលពីដើមសប្តាហ៍នេះ៕