(តួកគី)៖ អស់រយៈពេលជាងមួយ​ឆ្នាំ​ ចាប់តាំងពីផ្ទុះការធ្វើរដ្ធប្រហារមិនបានជោគជ័យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ មក។ នាយករដ្ឋមន្ត្រី Yıldırım បាននិយាយថា លោកមិនបានស្គាល់អ្នកដែលប៉ុនប៉ង ធ្វើរដ្ឋប្រហារនោះទេ ខណៈ​ពេល​ដែល​លោក​បាន​ទម្លាក់ទង្វើនេះទៅ​លើចលនា Gülen។ នេះបើតាមបទសម្ភាសន៍មួយ ដែលបានចុះផ្សាយដោយសារព័ត៌មានតួកគី Hürriyet ។

នៅក្នុងអត្ថបទមួយស្តីពីកិច្ចសម្ភាសន៍ជាមួយលោក Yıldırım អ្នកកាសែតលោក Murat Yetkin បានគូសបញ្ជាក់ថា លោក Yıldırım នៅ​តែ​ពុំសប្បាយ​​ចិត្ត​ជាមួយ អនុរដ្ឋលេខាធិការអង្គការស៊ើបការណ៍ជាតិ (MIT) លោក Hakan Fidan ដែលមិន​បាន​ជូនដំណឹង​ដល់រូបលោក អំពី​ការ​ប៉ុន​ប៉ង​ធ្វើរដ្ឋ​ប្រហារ​​កាលពីឆ្នាំមុនេះ ​ថ្វីបើតាមពិតលោក Fidan បានដឹងពីរឿងប្រហារនេះ នៅប៉ុន្មានម៉ោងមុនពេលវាចាប់ផ្តើមក៏ដោយ។

លោក​នាយក​រដ្ឋ​មន្រ្តី​តួកគី បាន​និយាយ​ថា​លោក Fidan បានហៅទូរស័ព្ទមកកាន់លោក និងបានជជែកគ្នាអស់ពេលមួយសន្ទុះ ពោលគឺចាប់ពីម៉ោង២២៖៣០នាទី ដល់​ម៉ោង២២៖៤០នាទី ឬ២៣៖០០នាទី។ តែវាមិនត្រូវបានគេដឹងថា តើលោក Fidan ធ្លាប់បានហៅទួរស័ព្ទទៅលោក Yıldırım ពីមុន ដែរឬក៏អត់នោះទេ ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រីតួកគី បានអះអាងយ៉ាងច្បាស់ថា លោកមិន​បាន​ទទួលដំណឹង​ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារពីលោក Fidan ឡើយ។

ពេលវេលាដែលលោក Yıldırım និយាយគ្នាជាមួយលោក Fidan គឺសំខាន់ណាស់ ពីព្រោះថាលោកនាយករដ្ឋមន្រ្តី បាន​ធ្វើ​ការ​សន្ទ​នា​ដោយ​ផ្ទាល់​ជាមួយ​នឹង​​ស្ថានីយ​​ទូរទស្សន៍តួកគី NTV នៅម៉ោង២២:០៣ អំពីការប្រកាសជាផ្លួវការលើកទីមួយ ពីការប៉ុនប៉ងធ្វើរដ្ឋប្រហារ ហើយ​បាន​ថ្លែង​ថា​ការ​ប៉ុន​ប៉ង​នេះ ​មិនមែនត្រូវបានឡើងក្រោមបទបញ្ជាពីកងកម្លាំងប្រដាប់អាវុធតួកគីផ្ទាល់នោះទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វា​គឺជា​កិច្ច​ប្រឹង​ប្រែង​របស់​ក្រុមយោ​ធា​​មួយចំនួន ដែលស្ថិត​ក្នុងជួរកងទ័ព រួមជាមួយនិងក្រុមចលនា Fethullahists (សំដៅទៅលើបុព្វជិតឈ្មោះ Fethullah Gülen) ដែល​ជា​អ្នក​នៅ​ពី​ក្រោយគម្រោងធ្វើរដ្ឋប្រហារនេះ។

ដោយឡែកមានសំនួរចោទសួរថា តើវាអាចទៅរួចយ៉ាងដូចម្តេចបាន ដែលលោកនាយករដ្ឋមន្ត្រីតួកគី មិនត្រូវបានគេជូនដំណឹងនៅម៉ោង២២:៤០ ខណៈ​​ពេល​​ដែល​​ដំណឹង​​ដ៏​សំខាន់​នេះ បានលេចលឺទៅដល់អង្គការស៊ើបការណ៍ជាតិ (MIT) នៅម៉ោង១៦:១០ ទាក់ទិននឹងការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មួយដែលអាចនឹងកើតឡើង។ ជានេះទៅទៀតលោក Fidan បានធ្វើដំណើរទៅកាន់ទីស្នាក់ការយោធានៅម៉ោង១៨:១០ ដើម្បី​និយាយ​ជាមួយ​ឧត្តម​សេនី​យ៍​ឯក​លោក Hulusi Akar អំពីថាតើផែនការនេះមានលក្ខណៈធ្ងន់ធ្ងរដល់កម្រិតណា។ រីឯលោក Yetkin ក៏​បានលើកជាសំណួរ​ផង​ដែរ​ថា​ តើ​វា​អាច​ទៅ​រួច​​បាន​យ៉ាងម្តេចដែលលោក Yıldırım មិនជ្រាបអំពី ការប៉ុនប៉ងធ្វើរដ្ឋប្រហារ ទោះបីជាជាក់ស្តែង មានទាហានមួយចំនួន​បាន​ដើរ​នៅ​តាម​ដង​ផ្លូវ​ ហើយយន្ដហោះបានធ្វើហោះហើរពីលើទីក្រុងអង់ការ៉ា ចាប់តាំងពីម៉ោង២១:០០ដ៏ដោយ។

លោក Yetkin បានសង្កត់ធ្ងន់ថានាយករដ្ឋមន្រ្តីតួកគីលោក Yıldırım នៅតែមិនសប្បាយចិត្តជាខ្លាំង ជុំវិញ​រឿង​​ដែល​​មិន​​ត្រូវ​ បានជូន​ដំណឹង​ដោយ​អង្គ​ការ​ MIT បើទោះបីជាការប៉ុនប៉ងធ្វើរដ្ឋប្រហារកន្លងផុត ទៅអស់រយៈពេលមួយឆ្នាំក៏ដោយ។ «ខ្ញុំ​បាន​លើក​ឡើង​ពី​បញ្ហាចោទ​នេះ​ទៅ​កាន់​ប្រធាន MIT ហើយ។ តើវាអាចទៅរួចបានយ៉ាងដូចម្តេច ដែលលោកនាយករដ្ឋមន្ត្រីមិនបានដឹងពីរឿងនេះ ហើយ​ប្រធានា​ធិប​តីក៏មិន​បាន​ដឹង​អំពី​វា។ ការ​ជូន​ដំណឹង​ដល់​នាយឧត្តមសេនីយ៍គឺជារឿងធម្មតាទេ ប៉ុន្តែនាយករដ្ឋមន្ត្រីគួរតែត្រូវបានគេជូនដំណឹងអំពីរឿងដ៏ធំបែបនេះ។ ប៉ុន្តែ​លោក Fidan ​មិន​អាច​ឆ្លើយ​តប​នឹង​បញ្ហា​នេះ​បានទេ ហើយលោកក៏ពុំបាននិយាយអ្វីទៀតដែរ»។ នេះបើតាមលោក Yıldırım និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​បន្ទាប់​ពី​មាន​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​កាលពីឆ្នាំមុន៕