(វ៉ាស៊ីនតោន)៖ កូនប្រុស​ប្រធានាធិបតី​អាមេរិក លោក Donald Trump Jr., លោក Jared Kushner ដែលជាកូន​ប្រសារ​លោក ដូណាល់ ត្រាំ រួមទាំង​អតីត​ប្រធានគ្រប់គ្រង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត របស់លោក ត្រាំ គឺលោក Paul Manafort ត្រូវបាន​គេរៀបចំ​ ដើម្បីឲ្យចូលខ្លួនផ្តល់​សក្ខីកម្ម​នៅ​ចំពោះមុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​ នាសប្តាហ៍​ក្រោយ​នេះ​ហើយ។ នេះបើ​តាមការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។

ការចូលខ្លួន​ផ្តល់សក្ខីកម្ម​របស់អ្នកទាំងបី គឺស្ថិតក្រោម​ក្របខណ្ឌ​នៃការស៊ើបអង្កេត ដែលបា​ន និងកំពុងតែប្រព្រឹត្តទៅ ចំពោះ​មន្ទិល​​​សង្ស័យ​នៃ​ទំនាក់​ទំនង​​លួចលាក់ រវាង​រដ្ឋាភិបាលរុស្ស៊ី និងក្រុមយុទ្ធនាការ​របស់លោក ដូណាល់ ត្រាំ ក្នុងអំឡុង​ការបោះឆ្នោត​ជ្រើសរើស​ ប្រ​ធានាធិបតី​​អា​មេ​រិក​កាលពី​ឆ្នាំ២០១៦។

បើតាមការ​បញ្ជាក់ពីមេធាវី​របស់ លោក Jared Kushner ឲ្យដឹងថា កូនប្រសារ​ជាទីស្រឡាញ់ របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ រូប​នេះ និងមន្រ្តីជាន់ខ្ពស់​សេតវិមាន​ម្នាក់ទៀត នឹងផ្តល់​សក្ខីកម្ម​ដោយមិន​បើកចំហ នៅចំពោះ​មុខគណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃព្រឹទ្ធ​សភា នាថ្ងៃចន្ទ ទី២៤ ខែកក្កដា ដើមសប្តាហ៍​ក្រោយ។

ជាមួយគ្នានេះ គណៈកម្មាធិការ​យុត្តិការ​នៃព្រឹទ្ធសភា​បានប្រាប់ថា ខ្លួនបានកោះហៅ​កូនប្រុស​ច្បងបណ្តូលចិត្ត​របស់ លោក ត្រាំ គឺលោក Donald Trump Jr. រួមទាំងអតីត​អ្នកគ្រប់គ្រង​យុទ្ធនាការបោះ​ឆ្នោត​របស់លោក គឺលោក Manafort ដើម្បីផ្តល់សក្ខីកម្មនាថ្ងៃទី២៦ ខែកក្កដា។ យ៉ាងណាមិញ​ទាំងលោក Trump Jr. និងលោក Manafort ពុំទាន់មាន​នរណាម្នាក់ ចេញមុខប្រកាស​ថា មានបំណង​ចង់ផ្តល់សក្ខីកម្ម នៅចំពោះ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា​នោះឡើយ។

គួរបញ្ជាក់ថា បុរសទាំងបីនាក់នេះ ត្រូវគេរាយការណ៍​ជាបន្តបន្ទាប់ថា មានជាប់ពាក់ព័ន្ធ​នឹងគ្នា សម្រាប់ការ​ចូលរួមក្នុងជំនួប​សម្ងាត់មួយជា​មួយ​មេធាវី​រុស្ស៊ីម្នាក់​ដោយសង្ឃឹមថា នឹងអាចទទួលបាន​ព័ត៌មានអាក្រក់ៗ ពីអតីតគូប្រជែង​របស់លោក ត្រាំ គឺបេក្ខភាព​ប្រធានាធិបតីអាមេរិកលោក​ស្រី ហ៊ីលឡារី គ្លីនតុន ដូចទៅនឹងអ្វី​ដែលបាន​សន្យា៕