​(សេអ៊ូល)៖ កូរ៉េខាងជើង​នៅថ្ងៃព្រហស្បតិ៍នេះ​បាននិយាយថា វាគឺជារឿងឆ្កួតបំផុត​ដែលកូរ៉េខាងត្បូង​សង្ឃឹមថា អាចនឹងធ្វើឱ្យប្រសើរ​ឡើងនូវទំនាក់ទំនង​រវាងប្រទេស​ទាំងពីរ ខណៈទីក្រុងសេអ៊ូលកំពុង​ប្រកាន់​គោល​នយោបាយ​ប្រឆាំងនឹងកូរ៉េខាងជើង និងមិនព្រម​បោះបង់ចោលភាព​ជាចំណុះ​​សហរដ្ឋអាមេរិកនោះ។ នេះបើតាម​ការចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។

ការអត្ថាធិប្បាយ​បែបនេះ​របស់កូរ៉េខាងជើង ធ្វើឡើងតែបួនថ្ងៃប៉ុណ្ណោះ បន្ទាប់ពី​រដ្ឋាភិបាល​ទីក្រុងសេអ៊ូល បានដាក់សំណើ​រៀបចំកិច្ចចរចា​យោធា​អន្តរកូរ៉េ នៅថ្ងៃសុក្រ​ស្អែកនេះ​នៅឯភូមិ Panmunjom ដើម្បីបន្ធូរបន្ថយ​ភាពតានតឹង​ផ្នែកយោធា​នៅតាមតំបន់​ព្រំដែន ក៏ដូចជាបើក​កិច្ចសន្ទនា​នៅថ្ងៃទី០១ ខែសីហា សំដៅដាក់ដំណើរការឡើងវិញ នូវពិធីជួបជុំគ្រួសារកូរ៉េ​ដែលបានព្រាត់ប្រាសគ្នា អំឡុង​សម័យសង្រ្គាមកូរ៉េ ​(ឆ្នាំ១៩៥០-​១៩៥៣)។

ក៏ប៉ុន្តែ​នៅក្នុងបទវិចារណកថា​របស់ខ្លួន សារព័ត៌មានរដ្ឋ​កូរ៉េខាងជើង Rodong Sinmun​ បានទាត់ចោល​សំណើនេះ ព្រមទាំងអំពាវនាវ​ផងដែរឱ្យ​កូរ៉េខាងត្បូង ត្រូវតែសម្រេចចិត្ត​ឱ្យច្បាស់​ថា តើគួរបន្ត ប្រកាន់​គោលនយោបាយ​អរិភាព និងរណប​សហរដ្ឋអាមេរិក ឬក៏យ៉ាងណា មុននឹង​អង្គុយចរចា​ជាមួយទីក្រុង​ព្យុងយ៉ាង។ «គោលនយោបាយ​ប្រឈមមុខ​ដាក់គ្នា និងអរិភាព​ ឬភាពជាសត្រូវ គឺជារឿង​ត្រូវដោះស្រាយ​ជាមុន ដើម្បីបើកទ្វារ​កិច្ចចរចា​អន្តរកូរ៉េ»។ នេះបើតាមកាសែត Rodong Sinmun​។​

គួរបញ្ជាក់ថា បើតាម​សេចក្ដីរាយការណ៍​របស់សារព័ត៌មាន CNN កូរ៉េខាងជើង​ទំនងជាកំពុងរៀបចំ​ការបាញ់​សាកល្បង​មីស៊ីល​ផ្លោង​ឆ្លងទ្វីប ICBM ឬក៏មីស៊ីល​រយៈចំងាយ​មធ្យមជាថ្មី​ម្ដងទៀត នៅក្នុង​រយៈពេលពីរ​សប្ដាហ៍ខាងមុខនេះ។ ម្យ៉ាងវិញ​ទៀតបើ​ទោះជា កិច្ចចរចា​ត្រូវធ្វើ​ឡើងមែន ក៏គេមិនប្រាកដ​នោះដែរថា វានឹងមាន​លទ្ធផល​ល្អ ត្បិត​កូរ៉េខាងជើង​បានបញ្ជាក់​ជាច្រើន​ដង​រួចហើយថា បើចង់ចរចារឿងបោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ គឺគ្មានផ្លូវជា​ដាច់ខាត៕