(បរទេស)៖ ក្នុងករណី​ដែលអ្នកទាំងអស់គ្នា​មានការងឿងឆ្ងល់ វាពុំមានភស្តុតាងអ្វីទាំងអស់ ដែលបង្ហាញថា ភពអង្គារ (Mars) ធ្លាប់ជាជម្រក​នៃ​អរិយ​ធម៌​មនុស្សក្រៅភព (អេលៀន) កាលពីរាប់ពាន់​ឆ្នាំមុន​នោះឡើយ ហើយទោះជា​បែបនេះក្តី អ្នកតំណាងរាស្រ្ត​រដ្ឋកាលីហ្វរញ៉ា លោក Dana Rohrabacher បានចោទ​សួរទៅកាន់​ក្រុមអ្នកវិទ្យាសាស្រ្ត ឲ្យធ្វើការ​ប៉ាន់ស្មាន​អំពីលទ្ធភាព​នៃរឿងនេះ។ នេះ​បើ​តាម​កា​រ​ចេញ​ផ្សាយ​ដោយ ​វែប​សាយ​វិទ្យា​​សាស្រ្ត Space.com នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។

ការចោទសួរ​ខាងលើ ត្រូវបានធ្វើ​ឡើងបន្ទាប់ពី លោក Ken Farley អ្នក​វិទ្យា​សាស្រ្ត​​នៃ​គម្រោង​​សម្រាប់​បេស​កកម្ម Mars Rover ឆ្នាំ​២០២០ របស់​ទីភ្នាក់ងារ​អវកាស NASA បានថ្លែង​គូសបញ្ជាក់ក្នុង​ឱកាសនៃការផ្តល់​សក្ខីកម្ម នៅក្នុងសភាអាមេរិកថា ភពក្រហមនេះ ធ្លាប់មាន​បឹងបួរ និងទន្លេ​ជាច្រើនខ្សែ ហើយប្រហែល​ជាធ្លាប់មានមហាសាគរ​ដ៏ធំមួយ នៅ​ភាគខាងជើង​ថែមទៀតផង រហូតដល់ ៣.៦ពាន់លាន​ឆ្នាំមុន។ ដូច្នេះហើយ លោក Farley ផ្ទាល់​ត្រូវផ្តល់ចម្លើយ​បកស្រាយទៅវិញ ចំពោះ​សំណួរថា តើភពព្រះអង្គារ​ធ្លាប់ជាជម្រក​របស់មនុស្ស​ក្រៅភពដែរ ឬ​យ៉ាងណា​នោះ។

លោក Farley បាន​និយាយថា «ភស្តុតាង​ដែលយើងមាន​នោះគឺថា ភពអង្គារ​មានការ​ខុសប្លែកកាលពីរាប់ពាន់​លានឆ្នាំមុន មិនមែន​រាប់ពាន់ឆ្នាំ​​មុននោះឡើយ»។ លោក Rohrabacher បានសួរ​កាត់ថា «តើអ្នកបដិសេធលទ្ធភាព​នេះ​ចោលទាំងស្រុងទេ» ហើយ លោក Farley បានឆ្លើយតប​ទៅវិញថា «ខ្ញុំសូម​និយាយថា វាទំនង​ពិតជាមិនអាច​ទៅរួច​នោះទេ»។

គួរបញ្ជាក់ថា ផ្កាយរណប (Orbiter), យានចុះចត (Lander), និងយានរ៉ូវើ (Rover) ជាច្រើនគ្រឿងរបស់អង្គការ NASA បានចំណាយពេលធ្វើការស្រាវជ្រាវ​រុក​រក​នៅលើភពអង្គារអស់រយៈពេលរាប់ទសវត្សរ៍ ហើយពុំមានយានណាមួយ បានប្រទះឃើញភស្តុតាង ដែលអាចបង្ហាញថា សរីរាង្គឆ្លាតវ័យធ្លាប់​មានវត្តមាននៅទីនោះឡើយ។ ក៏ប៉ុន្តែវាពុំមែនមានន័យទាំងស្រុងថា ភពក្រហមមួយនេះ មិនដែលធ្លាប់បានទ្រទ្រង់ជីវិតនៅក្នុងទម្រង់ដទៃទៀត​នោះទេ។

តួយ៉ាងយាន Rover 2020 របស់ NASA នឹងធ្វើការស្វែងរក​ភស្តុតាង​នៃជីវិតមីក្រូ​សារីរាង្គ (ដូចជាពពួកបាតេរីជាដើម) ដែលនៅសេសសល់​ពី​អតីត​កាល នៅពេល​ដែលវាធ្វើដំណើរ​ទៅដល់ភពអង្គារ​នៅខែកុម្ភៈ ឆ្នាំ២០២១ ហើយរ៉ូបូត​កង់០៦នេះ ដែលផ្អែក​ខ្លាំងទៅលើការរចនា​របស់យាន Rover Curiosity ដែលកំពុង​បំពេញប្រតិបត្តិការ​នៅលើភពក្រហម​នេះនោះ ក៏នឹងធ្វើការ​ប្រមូលយកក៏ដូច​ជាស្តុកទុក​គំរូតាងផ្សេងៗ សម្រាប់ការ​វិល​ត្រឡប់មកកាន់​ភពផែនដី ដែលនឹងអាច​កើតឡើង​ផងដែរ៕