(សេអ៊ូល)៖ ឧស្សាហកម្មយន្តហោះកូរ៉េ KAI ដែលជាក្រុមហ៊ុនផលិតយន្តហោះតែមួយគត់ របស់ប្រទេសកូរ៉េខាងត្បូងនោះ បាន​ឲ្យដឹង​នា​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា​ នាយកប្រតិបត្តិ (CEO) របស់ក្រុមហ៊ុន នឹងចុះចេញពី​តំណែង បន្ទាប់ពីក្រុមរដ្ឋអាជ្ញា​បានចុះធ្វើការឆែកឆេរ​ក្នុងការិយាល័យ​​ក្រុមហ៊ុន កាលពីសប្តាហ៍មុន ក្រោមការ​សង្ស័យពី​បទប្រព្រឹត្ត​អំពើពុករលួយ នៅក្នុងគម្រោង​ការពារជាតិ​ធំៗមួយចំនួន។ នេះបើ​តាម​ការចេញ​ផ្សាយដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។

CEO របស់ KAI លោក Ha Sung-yong នឹងលើកឡើង​អំពីការលាលែង​ពីតំណែង នៅពេល​ដែលគណៈនាយក​របស់ក្រុមហ៊ុន ជួបប្រជុំគ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ។ ម៉្យាងវិញទៀត ក្រុមហ៊ុន នឹងរៀបចំ​ចាត់ចែងកិច្ច​ប្រជុំម្ចាស់ភាគហ៊ុន​វិសាមញ្ញ​មួយ ឲ្យឆាប់រហ័សតាម​ដែលអាចធ្វើបាន ដើម្បី​ជ្រើសរើស​អ្នកឡើងកាន់​តំណែងបន្ត។ នេះបើតាម​សេចក្តីថ្លែងការណ៍​មួយរបស់​ក្រុមហ៊ុន KAI ផ្ទាល់។

កាលពីថ្ងៃសុក្រ​សប្តាហ៍កន្លងទៅ ក្រុមរដ្ឋអាជ្ញា​បានចុះធ្វើការ​ឆែកឆេរ ទីស្នាក់ការរបស់​ក្រុមហ៊ុន KAI នៅឯទីក្រុង Sacheon ដែលស្ថិតនៅ​ចម្ងាយ​ ៤៣៧គីឡូម៉ែត្រភាគខាងត្បូង​រដ្ឋធានីសេអ៊ូល រួមទាំង​ការិយាល័យរបស់ក្រុមហ៊ុន នៅសេអ៊ូល​ផ្ទាល់ ដើម្បីប្រមែប្រមូល​ភស្តុតាង ពាក់ព័ន្ធនឹង​ការ​សង្ស័យ​ក៏ដូចជារឿងអាស្រូវដែលថា​ ក្រុមហ៊ុននេះ បានបំប៉ោង​ការចំណាយ សម្រាប់គម្រោង​អភិវឌ្ឍន៍យន្តហោះយោធា ហើយឆ្លៀត​ឱកាសកេង​យកលុយ​ចូលហោប៉ៅ​របស់ខ្លួន​ដោយខុសច្បាប់ ក្នុងដំណើរការ​ទាំងនោះ។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ សវនកររដ្ឋ​កូរ៉េខាងត្បូង​បានរកឃើញ​ថា ក្រុមហ៊ុន KAI ទទួលបានចំណូល​ដោយមិនស្របច្បាប់​ ក្នុងតម្លៃដល់ទៅ ​២៤ពាន់លានវ៉ុន (២១លានដុល្លារអាមេរិក) តាមរយៈ​ការកេងចំណេញ​ពីថវិកាគម្រោង​អភិវឌ្ឍន៍​ឧទ្ធម្ភាគចក្រ Surion។ ដោយសាររឿងនេះហើយ លោក Ha និងមន្រ្តី​ក្រុមហ៊ុន KAI មួយចំនួនទៀត ត្រូវបាន​ហាមឃាត់​មិនឲ្យឈានជើង ចាក​ចេញ​ពី​​ប្រទេស​នោះ​ឡើយ ថែមទាំង​នឹង​​ត្រូវ​ប្រឈម​មុខ​​ការ​សាក​សួរ​ចម្លើយទៀតផង ក្រោយពី​ក្រុមរដ្ឋអាជ្ញា បញ្ចប់ការវិភាគ​ត្រួតពិនិត្យ ទៅលើវត្ថុតាងនានា ដែលរឹបអូស​យកបាន។

ក្រុមហ៊ុន KAI បានចូលរួម​ពាក់ព័ន្ធក្នុងគម្រោងការពារជាតិធំៗ​ជាច្រើន ដើម្បីអភិវឌ្ឍន៍​ឧទ្ធម្ភាគចក្រ​យោធាធុន Surion, យន្តហោះ​ហ្វឹកហ្វឺន​ T-50, និងយន្តហោះចម្បាំង FA-50 របស់ប្រទេស​កូរ៉េខាងត្បូង៕ ​