(វ៉ាស៊ីនតោន)៖ រដ្ឋបាល​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្ត​បញ្ឈប់ផែនការ​សម្ងាត់​របស់ទីភ្នាក់​ចារកិច្ច CIA ក្នុងការ​បំពាក់​អាវុធ និងបណ្ដុះបណ្ដាល​ក្រុម​ឧទ្ទាមស៊ីរី ដើម្បីផ្ដួល​រំលំ​រដ្ឋាភិបាលប្រធានាធិបតី​ស៊ីរី លោក បាស្សា អាល់ អាស្សាដ។ នេះបើ​តាម​ប្រភពពីមន្ត្រីអាមេរិក​ពីររូប​ ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters​ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។

ជាមួយគ្នា​នោះដែរ មន្ត្រីម្នាក់ក្នុងចំណោម​មន្ត្រីទាំងពីរ​នាក់នេះ បានបញ្ជាក់ថា ការសម្រេច​ចិត្តបែបនេះ​របស់​សហរដ្ឋអាមេរិក គឺជាផ្នែក​មួយ​នៃកិច្ចខិតខំ​ប្រឹងប្រែង​របស់រដ្ឋបាល​លោក ត្រាំ ក្នុង ការធ្វើឱ្យ​ប្រសើរ​ឡើងនូវ​ទំនាក់ទំនង​ជាមួយរុស្ស៊ី ប៉ុន្តែបើសិន​វា​ជាការពិតនោះ ទីក្រុងម៉ូស្គូ និងទីក្រុងតេហេរ៉ង់ អាចនឹង​ទទួលបាន​ជ័យជម្នះ ដោយរក្សាអំណាចឱ្យលោក អាស្សាដ នៅក្នុងសង្រ្គាម រ៉ាំរ៉ៃអូសបន្លាយ​ពេលជាង ០៦ឆ្នាំមកនេះ ហើយ​អ៊ីស្រាអែល​ដែលជាសម្ព័ន្ធមិត្តរបស់​ទីក្រុងវ៉ាស៊ីនតោន ក៏នឹង​មិនពេញចិត្ត​ចំពោះរឿងនេះដែរ។ បន្ថែមពីលើនេះ មន្ត្រី​ទំាងរូបនេះនៅក្នុង​លក្ខខណ្ឌ​មិនបញ្ចេញ​អត្តសញ្ញាណ ក៏បានឱ្យដឹង​ទៀតថា ផែនការ CIA បានចាប់​ផ្ដើម​អនុវត្តន៍​កាលពី​ឆ្នាំ២០១៣ ដោយអតីត​រដ្ឋបាល​លោក បារ៉ាក់ អូបាម៉ា​ ដើម្បីផ្ដួលរំលំ​របបដឹកនាំ​លោក អាស្សាដ តែហាក់ដូច​ជា​ទទួលលទ្ធផល​បន្តិចបន្តួច​ប៉ុណ្ណោះ។​

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ​សារព័ត៌មាន Washington Post បានរាយការណ៍​ផងដែរថា ផែនការសម្ងាត់​របស់ទីភ្នាក់ចារកិច្ច CIA ក្នុងការ​បំពាក់អាវុធ និងបណ្ដុះបណ្ដាល​ក្រុមឧទ្ទាមស៊ីរី ត្រូវ បានផ្អាកជា​បណ្ដោះអាសន្ន ខណៈអ្នកនាំពាក្យ​សេតវិមាន​លោកស្រី Sarah Sanders បានបដិសេធ​មិនធ្វើការអត្ថាធិប្បាយ រីឯ CIA​ ផ្ទាល់​ក៏មិនបាននិយាយអ្វី​ដែរ ពាក់ព័ន្ធនឹង​ព័ត៌មាននេះ៕