(តេហេរ៉ង់)៖ សហរដ្ឋអាមេរិក​ត្រូវតែផ្លាស់ប្តូរ​មូលដ្ឋានទ័ព​របស់ខ្លួន ចេញទៅឲ្យ​ឆ្ងាយហួសពី ១,០០០គីឡូម៉ែត្រ ពីព្រំដែន​របស់ប្រទេស​អ៊ីរ៉ង់​ បើសិនជា​ខ្លួនគ្រោង​នឹង​បន្តដាក់ទណ្ឌកម្ម​ឥតឈប់ឈរ​ ប្រឆាំងមកលើ​ទីក្រុងតេហេរ៉ង់ ព្រោះថា បើមិនដូច្នោះទេ​ទីក្រុងវ៉ាស៊ីនតោនអាច​ប្រឈម​​មុខ​​នឹងហានិភ័យ ជាមួយការតបស្នងជាតម្លៃមកវិញ​យ៉ាង​សាកសម។ នេះបើតាម​សម្តីមេបញ្ជាការ​នៃកងឆ្មាំ​ការពារជាតិ​អ៊ីរ៉ង់ (IRGC) លោក​​​ឧត្តម​​សេ​នីយ៍ Mohammad Ali Jafari ដកស្រង់​ដោយ​ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី Russia Today (RT) នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។

លោក Jafari បាន​លើក​ឡើងថា «នៅក្នុងករណីដែល​អាមេរិក នៅតែចចេសចង់បន្តដាក់ទណ្ឌកម្ម ប្រឆាំងនឹងស្ថាប័នការពារជាតិ និងកងកម្លាំង​ IRGC របស់អ៊ីរ៉ង់នោះ ជាដំបូងទីក្រុងវ៉ាស៊ីនតោន​ចាំបាច់ ត្រូវធ្វើការរុះរើ​មូលដ្ឋានទ័ព​ក្នុងតំបន់មជ្ឈិមបូព៌ា​របស់ខ្លួន ដែល​ស្ថិត​​ក្នុង​រយៈ​ចម្ងាយ​ ១,០០០គីឡូ​​ម៉ែត្រ​​ជុំវិញ​ព្រំ​ប្រទល់​​ប្រទេស​អ៊ីរ៉ង់​​សិន​ទៅ»។ មេទ័ពអ៊ីរ៉ង់​រូបនេះ​បានបន្តថា «សហរដ្ឋអាមេរិក​គួរតែជ្រាប​ឲ្យបានច្បាស់ថា ខ្លួន​នឹង​ត្រូវ​ធ្វើ​ការ​​តប​ស្នង​មកវិញ​ក្នុងតម្លៃ​ដ៏សាកសម (រងគ្រោះ) សម្រាប់ការ​គណនា​ខុសឆ្គង​ណាមួយ»

គួរបញ្ជាក់ថា ការលើកឡើង​របស់ លោក Jafari ត្រូវបានធ្វើឡើងបន្ទាប់ពី​សប្តាហ៍នេះ ​ក្រសួង​រតនាគារជាតិ​អាមេរិក​បានដាក់​ទណ្ឌកម្មថ្មី​បន្ថែម​ទៀតប្រឆាំង​នឹងបុគ្គល​ក៏ដូចជាក្រុមហ៊ុន​ចំនួន ១៦ ក្រោមការ​ចោទប្រកាន់ថា បានផ្តល់​ការឧបត្ថម្ភ​ជាសម្ភារៈ ដើម្បីគាំទ្រ​ដល់យោធា និងកម្ម​វិធី​មីស៊ីលផ្លោង​របស់​អ៊ីរ៉ង់៕