(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង​ទំនងជាកំពុងរៀបចំ​ «ការបាញ់សាកល្បង​មីស៊ីលផ្លោងឆ្លងទ្វីប ICBM» ឬក៏មីស៊ីល​រយៈចំងាយ​មធ្យម​ជាថ្មី​ម្ដងទៀតនៅក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខនេះ។ នេះ​បើតាម​សារព័ត៌មាន CNN ដកស្រង់​ដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧។

ស្ថានីយ៍ទូរទស្សន៍ CNN កាលពី​ថ្ងៃពុធដោយ​ផ្អែកលើក្រុមមន្ត្រី​អាមេរិក​ពីរនាក់​បានរាយការណ៍​ថា យោងតាម​រូបភាព​ផ្ដល់ដោយ​ផ្កាយរណប និងព័ត៌មាន​ពីទីភ្នាក់ចារកិច្ច​អាមេរិក​អាចបង្ហាញ​បានថា ទីក្រុង​ព្យុងយ៉ាង កំពុងត្រៀម​ធ្វើតេស្ដ​មីស៊ីល ICBM បន្ទាប់ពី​បានបាញ់​សាកល្បង​ជាលើក​ដំបូង​នូវមីស៊ីល​ប្រភេទនេះ កាលពីថ្ងៃទី០៤ ខែកក្កដា កន្លងទៅ ដែលអាច​មាន​សមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក។

បន្ថែមពីនេះជុំវិញ​សមត្ថភាព​មីស៊ីលនេះដែរ អនុប្រធាន​សេនាធិការ​យោធា​អាមេរិក លោក Paul Selva បានអះអាង​ប្រាប់ព្រឹទ្ធសភា​ថា មកទល់​ពេលនេះ​គេពុំទាន់​អាចវាយតម្លៃ​លើសមត្ថភាព​ពិតប្រាកដ​នៃបច្ចេកវិទ្យា​មីស៊ីល​របស់កូរ៉េខាងជើង​បាន​នៅ​ឡើយទេ ពីព្រោះរបបកម្មុយនីស្ដ​មួយនេះ​ពូកែលាក់បាំង​ជា​ទីបំផុត។

គួរបញ្ជាក់ថា បើទោះជា​សហរដ្ឋអាមេរិក​ជឿជាក់ថា មីស៊ីល ICBM កូរ៉េខាងជើង​អាចមានសមត្ថភាព​បាញ់ដល់រដ្ឋ Alaska និង រដ្ឋ Hawai ក៏ដោយ​ក៏រុស្ស៊ីនៅ​តែអះអាងថា មីស៊ីលដែលកូរ៉េខាងជើង​បាញ់សាកល្បង​កាលពី​ថ្ងៃទី០៤ ខែកក្កដា គ្រាន់តែជា​មីស៊ីលរយៈចំងាយ​មធ្យម​ធម្មតាប៉ុណ្ណោះ​ មិនគួរគ្រប់គ្នា​នំាគ្នាភ័យស្លន់ស្លោនោះទេ៕