(តេហរ៉ង់)៖ ការគំរាមកំហែងដ៏ពិតប្រាកដ ចំពោះសន្តិសុខក៏ដូចជាស្ថិរភាពតំបន់មជ្ឈិមបូព៌ា គឺបណ្តាលមកពីការជ្រៀតជ្រែករបស់អា​មេ​រិក ចូល​ក្នុង​កិច្ច​ការ​ផ្ទៃ​ក្នុងនៃបណ្តាប្រទេសនៅតំបន់នេះផ្ទាល់។ នេះបើតាមសម្តីអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qassemi ដកស្រង់​ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។

ការលើកឡើងបែបនេះរបស់មន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់ ត្រូវបានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀត ដែលមានគោលដៅទៅលើយោធាក៏ដូចជាកងឆ្មាំការពារជាតិ IRGC របស់ប្រទេសអ៊ីរ៉ង់ ជុំវិញកម្មវិធីមីស៊ីលផ្លោងរបស់ទីក្រុងតេហេរ៉ង់ ហើយ​បុគ្គលិកនិងក្រុមហ៊ុនសរុបចំនួន១៨ ស្ថិតនៅក្នុងបញ្ជីនៃទណ្ឌកម្មទាំងនោះ ដោយរួមមានទាំងក្រុមហ៊ុនតួកគីចំនួនមួយកន្លែង និងក្រុមហ៊ុនចិន​ចំនួនបួនកន្លែងផងដែរ ដែលដើរជាតួអង្គកណ្តាល។ ដោយឡែកទណ្ឌកម្មទាំងនេះ ត្រូវប្រកាសឡើង ស្របពេលដែលក្រសួងការបរទេស​អាមេ​រិក បានគូសបញ្ជាក់ម្តងទៀតថាអំពីការគោរពប្រតិបត្តិរបស់ទីក្រុងតេហរ៉ង់ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។

យ៉ាងណាមិញលោក Qassemi ដែលបានថ្លែងក្នុងសេចក្តីការណ៍មួយ ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីរ៉ង់ថា «សាធារណរដ្ឋអ៊ីរ៉ង់ មានជំនឿជឿជាក់ថា ការគំរាមកំហែងដ៏ធំនិងពិតប្រាកដ ចំពោះសន្តិសុខ ស្ថិរភាព ក៏ដូចជាការអភិវឌ្ឍនៃតំបន់មជ្ឈិមបូព៌ា គឺការចូលមកលូក​ដៃពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងកិច្ចការផ្ទៃក្នុងរបស់បណ្តាប្រទេស នៅតំបន់នេះផ្ទាល់ ជាមួយវត្ថុបំណងដ៏ច្បាស់លាស់ នោះគឺសំដៅ​បង្កអស្ថិរភាពដល់ស្ថានការណ៍ក្នុងតំបន់ និងធ្វើយ៉ាងណាឲ្យសន្តិសុខមានការធ្លាក់ចុះដុនដាប»។ បន្ថែមពីនេះលោក Qassemi បានបញ្ជាក់ថា កម្មវិធីយោធាទាំងអស់របស់អ៊ីរ៉ង់ ត្រូវបានបង្កើតឡើងដើម្បីតែថែរក្សានិងការពារជាតិប៉ុណ្ណោះ ខណៈទីក្រុងតេហេរ៉ង់ មិនដែលធ្លាប់មើលឃើញ​សមត្ថភាពយោធារបស់ខ្លួន ថាជាមធ្យោបាយដើម្បីគំរាមកំហែងដល់ប្រទេសផ្សេងណាមួយឡើយ៕