(អន្តរជាតិ)៖ ក្រុមរដ្ឋអ៊ីស្លាម ISISI មានបណ្តាញសឹងតែគ្រប់ទិសទីនៅក្នុងប្រទេសតួកគី ហើយច្បាប់ដើម្បីចាប់ខ្លួនពួកគេ មានលក្ខណៈ​ធូរ​រលុង​បំផុត​បើ​ធៀប​នឹង យុទ្ធសាស្រ្តចាប់ខ្លួនក្រុមដទៃទៀត រួមមានជនជាតិឃឺដ និង អ្នកប្រឆាំងនឹងរដ្ឋាភិបាលជាដើម។

* ការបំបិទប្រព័ន្ធផ្សព្វផ្សាយសង្គម

កាលពីឆ្នាំ២០០៧ មូលនិធិធានារ៉ាប់រងរបស់ប្រទេសតួកគី បានក្តោបក្តាប់លើប្រព័ន្ធផ្សព្វផ្សាយ៦៣កន្លែង ក្នុង​នោះក៏​រួម​មាន​បណ្តាញ​​ទូរ​ទស្សន៏​​ធំ​ជាង​គេនៅតួកគី Sabah-ATV ផងដែរ។ នេះជាចំណាប់ផ្តើមរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ដោយ​ការដក​ចេញ​នូវ​អ្នក​​ប្រឆាំង ​ហើយដាក់ជំនួសវិញនូវអ្នកជំនិតរបស់រដ្ឋ។ Sabah-ATV ត្រូវបានលក់អោយអ្នកជិតស្និទ្ធនឹងប្រធានាធិបតី អឺដូហ្គាន់ ហើយ​គ្រប់​គ្រង​ដោយ​កូន​ប្រសារ​របស់លោកផ្ទាល់តែម្តង។ តួកគីបានផ្លាស់ប្តូរតាមរបត់សម័យកាល និងក្លាយជាប្រទេសទី០៤លើ​ពិភព​លោក​ដែល​មាន​ទីផ្សារ​ហ្វេសបុក ច្រើនជាងគេបំផុត ជាមួយអ្នកប្រើប្រាស់ជាង៣០លាននាក់។

ក្នុងខែឧសភា ឆ្នាំ២០១៣ ប៉ូលីសតួកគីបានសម្រេចចិត្តប្រើហិង្សា ដើម្បីបំបែកជួរក្រុមបាតុកម្មដើម្បីបរិស្ថានមួយក្រុម។ វីដេអូនេះ​ត្រូវ​បាន​ចែក​ចាយ​លើ​បណ្តាញហ្វេសបុក ដែលបានបណ្តាលអោយប្រជាជនប្រឆាំងនឹងរដ្ឋាភិបាលរាប់ខែ។ ដោយសារស្ថានីយទូរទស្សន៏ដូចជា CNN Turk ជា​ដើម ​មិនបាន​ធ្វើ​ការ​ចាក់​ផ្សាយ​ពត័មានសង្គមទាំងនេះ ប្រជាជនងាកទៅរកប្រព័ន្ធផ្សព្វផ្សាយសង្គមហ្វេសបុក និង ធ្វីតធ័រ (Twitter) វិញ ដើម្បីប្រមូលគ្នាធ្វើការតវ៉ា និងចែកចាយព័ត៌មាន។

ក្រោយពីបានបំបិទព័ត៌មានតាមទូរទស្សន៍ គណបក្សកាន់អំណាចបានបំបិទ Twitter ថែមទៀតដោយចោទថា វា​គឺ​ជា​​គេហ​ទំព័រ​ដែល​បាន​បរិហារកេរ្តិ៍​បុគ្គលមួយចំនួន។ មកដល់សព្វថ្ងៃរដ្ឋាភិបាលតួកគី បានបំបិទគេហទំព័រចំនួនប្រមាណ១០០,០០០ដទៃទៀត។ តួកគីត្រូវបាន អង្គការ Freedom House កំណត់ថា ប្រទេសនេះមិនមានសិទ្ធិសេរីភាព លើប្រព័ន្ធអ៊ីនធើណែតឡើយ។ វិទ្យាស្ថាន Reuters ផ្នែកសិក្សា ការយកពត័មានបានអោយដឹងថា ការបំបិទប្រផ្សព្វផ្សាយពត័មានជំនាន់ដើម បានធ្វើអោយប្រភពព័តមានសម័យ​ថ្មី ​នៅ​លើ​ប្រព័ន្ធទំនាក់​ទំនង​សង្គម (Social Media) ​កាន់​តែ​មានសារៈសំខាន់ឡើង។

* សកម្មភាពរបស់ ISIS នៅលើ Twitter

ក្រុមភេរវករ ISIS បានកត់សម្គាល់ឃើញពីចំនួនអ្នកប្រើប្រាស់ដ៏ច្រើនលើបណ្តាញទំនាក់ទនងសង្គម Twitter ហើយបានសរសេរសារ​បង្ហោះជា​ភា​សា​តួក​គី ​ដើម្បីឃោសនាបុព្វហេតុក៏ដូចជាមនោគមន៍វិជ្ជារបស់ពួកគេ។ ក្រុមនេះក៏បានបង្កើតទស្សនាវដ្តីមួយផងដែរ មាន​ឈ្មោះ​ថា Konstantiniyye ដែលប្រើពាក្យបុរាណរបស់សម័យអូតូមេន បង្ហាញពីរូបភាពទីក្រុងអ៊ីស្តង់ប៊ុលជំនាន់មុន ដែលចង់បានន័យថា ពួកគេចង់កាន់កាប់ទឹកដីមួយនេះ និងហៅប្រធានាធិបតីអេដូហ្គេនជាមេដឹកនាំផ្តាច់ការ។

ក្រោយឆ្នាំ២០១៥ ចំនួនសាររបស់ ISIS នៅលើ Twitter បានថយចុះក្នុងអត្រា៤៥% ដោយសារតែសហរដ្ឋអាមេរិក និងក្រុមហ៊ុន Twitter ផ្ទាល់ ដែលបានតាមប្រមាញ់បំបិទមិនអោយពួក ISIS បញ្ចេញសំលេងឬសកម្មភាពបាន។ គណនីចំនួន៣៦០,០០០ត្រូវបានបិទ ពីឆ្នាំ ២០១៥ ដល់ខែសីហា ២០១៦។ ការខិតខំប្រឹងប្រែងនេះ ពិតជាគួរអោយសរសើរដែរ ប៉ុន្តែគេផ្តោតតែលើសារជាភាសាអង់គ្លេស និង អារ៉ាប់ប៉ុណ្ណោះ ខណៈសម្រាប់សារជាភាសាតួកគីនៅតែមានវត្តមានដដែល។

ក្នុងការសិក្សាមួយរបស់វិទ្យាស្ថាន Global Policy and Strategy ដែលបានវិភាគលើសារចំនួន២៥៤០៣សារ របស់គណនីគាំទ្រ ISIS បាន​អោយ​ដឹង​ថា​ ពួកភេរវករនេះបានសរសេរពាក្យថា «ជីហាដ, សម្លាប់, វាយប្រហារ, និងអាវុធ» ជាង៣០,០០០ដង ក្នុងមួយខែៗ ហើយ​ ISIS ​មិនត្រឹម​វាយ​ប្រហារតែអ្នកមកពីសាសនាផ្សេងឡើយ សូម្បីសាសនាដូចគ្នា តែមិនកាន់តាមទំនៀមរបស់ពួកគេ ក៏​ត្រូវ​រង​ការ​វាយ​ប្រហារ​ដែរ។ សារខ្លះបានកែនយកមនុស្សអោយចូលរួមការវាយប្រហារជាមួយ ISIS ខណៈសារខ្លះទៀតបានផ្សព្វផ្សាយពី ទស្សនៈ​របស់​ពួក​គេ។

ការសិក្សាមួយទៀតធ្វើឡើងដោយមហាវិទ្យាល័យ TOBB ទៅលើសារចំនួន៥១០០០សារផ្សេងទៀត បានរកឃើញគណនីចំនួន២១ ជាចម្បង ដែលបានធ្វើការទំនាក់ទំនងទៅគណនី២៥៦៧ផ្សេងទៀត ដែលគាំទ្រនិងមានការពាក់ព័ន្ធជាមួយក្រុម ISIS។ ហើយ៨៧ភាគ​រយនៃចំនួនទាំងនោះ ជាគណនីក្រៅប្រទេសតួកគី។ ក្រោយការតាមដាន គណនីទាំងអស់នេះ ក្នុងរយៈ´ពេលមួយឆ្នាំ គេរកឃើញថាពួក​នេះ​ភាគ​ច្រើន​មក​ពី​គណបក្ស PKK និងជនជាតិឃឺដ។

ដោយឡែកសម្រាប់ការសិក្សាលើសារ ISIS ផ្សព្វផ្សាយជាភាសាតួកគី ក្នុងឆ្នាំ២០១៦ អង្គការ FDD និង Sidar Global Advisor (SGA) បាន​ចំណាយពេលធ្វើ​ការ​សិក្សា​លើប្រព័ន្ធ Twitter ក្នុងរយៈពេល៤៥ថ្ងៃ គឺចាប់ពីថ្ងៃ១៥ មីនា ដែលមានចំនួន៤ថ្ងៃ មុនពេលផ្ទុះការធ្វើរដ្ឋ​​ប្រហារ​លើទីក្រុងអ៊ីស្តង់បូល រហូតដល់ថ្ងៃ០១ ឧសភា ឆ្នាំដដែល។

គេបានរកឃើញគណនីពាក់ព័ន្ធនឹង ISIS ចំនួន១៣៧។ ការសិក្សានេះស្រាវជ្រាវដោយប្រើ ពាក្យគន្លឹះ ប្រធានបទ ទីកន្លែងភូមិសាស្រ្ត ភេទ និងទំនោរនៃសារដែលបានសrសេរឡើង។ ទីកន្លែងដែលមានសារច្រើនជាងគេនោះគឺ ទីក្រុងអង់ការ៉ា អ៊ីស្តង់ប៊ុល និង អ៊ីសមៀរ។ សារខ្លះចេញមកពីក្រៅប្រទេសរួមមាន អាល្លឺម៉ង់ បែលហ្សិក និងហូឡង់ជាដើម។

ពាក្យដែលប្រើច្រើនជាងគេគឺ «ជីហាដ កាហ្វ័រ និង ណ័ស្រា»។ គណនីដែលមានការពាក់ព័ន្ធនឹង ISIS ត្រូវ​បាន​ក្រុមហ៊ុន Twitter បិទចោល​ មួយរយៈក្រោយមក ក៏ប៉ុន្តែម្ចាស់គណនីខ្លះ បានបង្កើតគណនីថ្មី ដែលមានឈ្មោះស្រដៀងគ្នា ដើម្បីសរសេរសារដើម្បីផ្សព្វផ្សាយបន្ត។

ក្នុងការសិក្សារបស់ SGA បានអោយដឹងថា កំឡុងពេលមានការវាយប្រហារ លើដំណើរទស្សនកិច្ចរបស់បរទេស និងគម្រោងការផ្សេងៗ​នៅ​ស៊ីរី គឺជា​ពេល​ដែល​ម្ចាស់​គណនីបានប្រើប្រាស់ Twitter ច្រើនបំផុត។ ប្រធានបទ ដែលគេបានលើកយកមកនិយាយច្រើនគឺ PKK និង ការដឹកនាំរបស់ប្រធានាធិបតីស៊ីរី អាល់ អាស្សាដ។ ក្រោយពីការវាយប្រហារទៅលើទីក្រុងព្រុចសែល នៃប្រទេសបែលហ្សិក មាន​គណនី​មួយឈ្មោះ @1ali2demir2 បានសសេរថា អ្នកគួរតែថែរក្សាព្រលានយន្តហោះខ្លួនឯងអោយល្អ ជាជាងមកលូកដៃពួកអត់សាសនា PKK ។ សារនេះសំដៅថាអឺរ៉ុបកំពុងតែជួយដល់ពួកឃឺដ។

គណនីដែលមានឥទ្ធិពលជាងគេ ឈ្មោះ @Latormenta (ក្រោយមកក៏អសកម្មវិញ) បានសរសេរសារចំនួនដល់ទៅ១០០,០០០សារ ក្នុង​ថ្ងៃ ​ដែល​មាន​ការ​វាយ​ប្រហារ​នៅ​ព្រុច​សែល។ សារភាគច្រើននិយាយពីប្រទេសលោកខាងលិច ដែលបិទមាត់ជិតពេលគណបក្ស PKK វាយ​ប្រហារ​លើ​ប្រទេសតួកគី និងការដឹកនាំដ៏ឃោឃៅរបស់ប្រធានាធិបតីស៊ីរី។ «អត់លឺបែលហ្សិកនិយាយអ្វីសោះ ពេលមានគ្រាប់​បែក​បំផ្ទុះ​នៅ​ស៊ីរី... ហើយចុះពេលមានគ្រាប់បែកផ្ទុះនៅប្រទេសខ្លួនដែរ មានយល់ពីការឈឺចាប់នេះឬនៅ?» នេះជាអ្វីម្ចាស់គណនី @Latormenta បានសរសេរឡើង។

សំណេររបៀបនេះមិនមែនផ្សព្វផ្សាយ តែពេលណាទើបនឹងមានការវាយប្រហារពី ISIS ឡើយ។ តួយ៉ាងកាលពីថ្ងៃទី២៥ ខែមេសាកន្លងទៅ គណនី​ Twitter មួយ​នៅ​​ហូឡង់ឈ្មោះ @yasinyener4 បានសរសេរពីមេដឹកនាំ PKK ដែល​បាន​ប្រើ​ពាក្យ​ប្រមាថ​លើ​ការ​បន់​ស្រន់​របស់​​ជន​អ៊ីស្លាម និងបានដាក់បណ្តាសារអោយបុរសម្នាក់ ឲ្យឆាប់ស្លាប់ដើម្បីទៅជួបព្រះជាម្ចាស់ ដែលខ្លួនបានប្រមាថ។

គណនីដទៃទៀត ដែល​និយាយ​ផ្សព្វផ្សាយទាក់ទិននឹងសាសនាដែរមានឈ្មោះថា @Abuahmed0666 និង @Kurdimuslim36 ដែលចូល​ចិត្ត​​សរ​សេរ​សម្រង់​ពីព្រះ​គម្ពីរកូអាន និងនិយាយស្តីបន្តពីស្ថានការណ៍វិវឌ្ឍន៍នៅស៊ីរី ដែល​ទាំង​នេះ​គឺ​ជា​ប្រភេទ​​គណនី​ ដែល​បាន​អូស​ទាញ​និងប្រមែប្រមូល​មនុស្ស​​ ឲ្យចូលរួមជាមួយក្រុម ISIS និងជាប្រភេទគណនី ដែលមានឥទ្ធិពលបំផុតលើបណ្តាញសង្គម Twitter។

ការស្រាវជ្រាវនេះក៏បានរកឃើញផងដែរថា គណនីជាច្រើនបានថ្កោលទោស ការបាញ់ប្រហារនៅក្លឹបមួយក្លែងនៅ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ក៏ប៉ុន្តែមនុស្សមួយចំនួន បានលើកយកមតិសាសនាថា ការផឹកសុរាគឺជាកំហុសឆ្គងក៏ដូចជាមូលហេតុមួយ។ ក្រោយ​ការ​បាញ់​សម្លាប់​នេះ​ទៀត​សោត ឧបនាយករដ្ឋមន្រ្តីតួកគីលោក Numan Kurtulmus បានប្រកាសលើការស្រាវជ្រាវ ជុំវិញគណនី Twitter ទាំង៣៤៧នេះ ប៉ុន្តែ សេចក្តីប្រកាសនេះ មិនបានបំផិតបំភ័យពួកគេសូម្បីតែបន្តិចឡើយ ព្រោះរដ្ឋាភិបាលតួកគីច្រើនតែបានផ្តោតលើ ការប្រមាញ់ពួកឃឺដ និង អ្នកប្រឆាំងគណបក្សកាន់អំណាចប៉ុណ្ណោះ។ ISIS នៅតែបន្តប្រើប្រាស់ប្រព័ន្ធផ្សព្ធផ្សាយសង្គមបានដដែល ដោយ​សារ​រដ្ឋា​ភិបាល​តួកគី​​មាន​​ភាព​លំអៀង និងហើយពួកនេះ តែងតែអាចធ្វើការផ្លាស់ប្តូរឈ្មោះបង្កើតគណនីថ្មីបានតាមចិត្ត ប្រសិនបើគណនីរបស់គេត្រូវបានបិទ៕