(តូក្យូ)៖ មនុស្សយ៉ាងតិចចំនួន ០៦នាក់បានបាត់បង់ជីវិត និងជាង ៧,០០០នាក់ ត្រូវបានបញ្ជូន​ទៅកាន់មន្ទីរពេទ្យនានា​ទូទាំង​ប្រទេសជប៉ុន​​ ក្នុង​អំឡុង​ពេលត្រឹមតែ​មួយសប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​មានការវាយលុក​ដោយរលកកម្តៅ​លើសពី ៣០អង្សាសេជារៀងរាល់ថ្ងៃ។ នេះបើ​​តាម​ការ​ឲ្យ​​ដឹង​ពី​​អា​ជ្ញាធរ​ជប៉ុន​ ដកស្រង់ដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។

ចំនួនមនុស្ស​ដែលបាន​ទទួលរងគ្រោះ ដោយសារតែ​សីតុណ្ហភាព​ដ៏សែនក្តៅខ្លាំងបែបនេះ​សម្រាប់​ប្រទេសជប៉ុន ក្នុងសប្តាហ៍នេះ បាន​កើន​​ឡើង​ក្នុង​កម្រិត ១.៨ដង ​ខ្ពស់ជាង​អត្រានៃជនរងគ្រោះ​ កាលពីសប្តាហ៍​កន្លងទៅ។ ម៉្យាង​វិញទៀត​មនុស្សជិត ១៧០នាក់ តម្រូវឲ្យ​បន្តសម្រាក​ព្យាបាល​ ​​​សម្រាប់រយៈពេល​លើស​បីសប្តាហ៍។ ដោយឡែក​ជនរងគ្រោះ​ស្ទើរតែពាក់​កណ្តាល ដែលបាន​ទទួលរងឥទ្ធិពល​នៃអាកាសធាតុក្តៅ​ខ្លាំងនេះ គឺ​ជាមនុស្ស​វ័យចំណាស់ ដែលមានអាយុ​ច្រើនជាង ៦៥ឆ្នាំ។

គួរបញ្ជាក់ថា កាលពី​សប្តាហ៍មុន​កម្រិតសីតុណ្ហភាព​នៅទូទាំងប្រទេស​ជប៉ុន គឺប្រហែល​ជា ៣៥អង្សាសេ ខណៈស៊ីតុណ្ហភាព​ជាមធ្យម​សម្រាប់​ប្រជាជាតិ​អាស៊ីខាងកើត​មួយនេះ ជាទូទៅគឺត្រឹម ២០-២៥អង្សាសេប៉ុណ្ណោះ។ យ៉ាងណាមិញរលកកម្តៅនេះ​ត្រូវបានគេរំពឹងថា នឹងនៅតែបន្ត​​ក្នុងសប្តាហ៍នេះ​ដដែល៕