(ប៉េកាំង)៖ ចិនបានបញ្ជាក់​ម្តងទៀតអំពីសំណើ​របស់ខ្លួនដល់​ឥណ្ឌា ឲ្យដកកងទ័ព​ចេញពីដែនដីមានបញ្ហាជម្លោះ នៅក្នុងតំបន់​ភ្នំហិមាល័យ ដើម្បី​ជៀសវាង​ការដុតរោលស្ថានការណ៍​ដែលកំពុងតែ​តានតឹង ហើយការ​លើកឡើង​សាជាថ្មីនេះ ត្រូវបានធ្វើ​ឡើងបន្ទាប់ពី​ទីក្រុងប៉េកាំង ទើបតែបាន​ធ្វើសមយុទ្ធ​បាញ់គ្រាប់ពិត​នៅក្បែរតំបន់នោះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Russia Today (RT) នៅព្រឹក​ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយ​នាសប្តាហ៍នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Lu Kang បានទទូចឲ្យ​ប្រទេសឥណ្ឌា ដកកងទ័ព​​របស់ខ្លួន ចេញពី​តំបន់ដែលស្ថិតក្បែរ​ព្រំប្រទល់ចិន-ឥណ្ឌា-ប៊ូតាន វិញ។ លោក Lu បានថ្លែង​យ៉ាងដូច្នេះថា «យើងបានលើកឡើង​ជាច្រើនដង​មក​ហើយថា ពួកយើងសង្ឃឹមថាភាគីឥណ្ឌា នឹងយល់ច្បាស់ពី​ស្ថានការណ៍ ហើយ​ចាត់វិធានការ​ដកទ័ពរបស់ខ្លួន ដែល​បាន​ឆ្លង​​ព្រំដែន​ដោយ​ខុសច្បាប់ ត្រឡប់ទៅខាង​ព្រំដែនរបស់​ប្រទេសឥណ្ឌាវិញ»។ អ្នកនាំពាក្យ​រូបនេះ​បានបន្តថា កងកម្លាំង​យោធាឥណ្ឌា ត្រូវតែដកថយ​នៅ​មុនកិច្ចចរចា​ណាមួយ អាចកើតឡើង​ទៅរួចបាន ជុំវិញបញ្ហា​ជម្លោះដែនដីនេះ។

គួរបញ្ជាក់ថា ចិន និងប្រទេសប៊ូតាន​ដែលជាសម្ព័ន្ធមិត្តរបស់ឥណ្ឌា បានបន្ត​ជាប់គាំងនៅក្នុង​ការប្រឈមមុខដាក់គ្នា ជុំវិញរឿងវិវាទ​ដែនដី នៅឯចំណុច​​ប្រសព្វ​ត្រីមុខនៃប្រទេសទាំងបី​ អស់រយៈពេលរាប់ទសវត្សរ៍​មកហើយ។ ភាពតានតឹង​រវាងទីក្រុងប៉េកាំង និងទីក្រុងញូដេលី ដែលជាអ្នក​គាំទ្រ​​ការ​ទាមទារដែនដី​របស់ប៊ូតាននោះ បានកើនឡើង​កម្តៅខ្លាំងចាប់​តាំងពីថ្ងៃទី១៦ ខែមិថុនា​កន្លងទៅ នៅពេលដែល​ក្រុមការងារ​ចិន បាន​ចាប់ផ្តើម​ការសាងសង់​ផ្លូវថ្នល់មួយខ្សែ នៅតំបន់ខ្ពង់រាបមាន​ជម្លោះ Doklam ដែលឥណ្ឌា​បានអះអាងថា ជាដែនដី​របស់ប៊ូតាន។ ជាការឆ្លើយតប​ប៊ូតាន​បានស្នើសុំជំនួយ​ពីសម្ព័ន្ធមិត្ត​ឥណ្ឌា ហើយទីក្រុង​ញូដេលី ក៏បានបញ្ជូន​កងទ័ពរបស់ខ្លួន​ឆ្លងព្រំដែនទៅក្បែរ​ទីនោះ​តែម្តង៕