(សេអ៊ូល)៖ កូរ៉េខាងជើង​បានរៀបចំ​ការប្រហារជីវិត​ជាសាធារណៈ នៅតាម​ច្រាំងទន្លេ​រួមទាំង​ទីធ្លា​សាលារៀន និងទីផ្សារ​លក់​ដូរនានា ចំពោះជនប្រព្រឹត្ត​បទល្មើសជាក់ស្តែង​មួយចំនួន​ដូចជា ការលួចស្ពាន់ពីម៉ាស៊ីនរោងចក្រ, ការមើល ឬចែកចាយបន្ត​នូវសារព័ត៌មានពីប្រទេស​កូរ៉េខាងត្បូង, និងអំពើ​ជួញដូរផ្លូវភេទជាដើម។ នេះបើ​តាមរបាយការណ៍​ថ្មីមួយ ដកស្រង់ពី​សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។

របាយការណ៍​របស់អង្គការ​មិនមែន​រដ្ឋាភិបាលមួយ មានមូលដ្ឋាន​នៅក្នុងទីក្រុង​សេអ៊ូល​បានឲ្យដឹង​ថា ការសម្រេចចិត្ត​ក្រៅប្រព័ន្ធ​តុលាការ សម្រាប់ការ​ប្រហារជិវិត​នៅតាមទីសាធារណៈបែបនេះ ជារឿយៗ​ត្រូវបានជះ​ឥទ្ធិពល​ដោយសារតែ សាវតា​ក្រុមគ្រួសារ​មិនល្អ ឬក៏យុទ្ធនាការ​​​រដ្ឋាភិបាល ដើម្បី​បំបាក់ទឹកចិត្តប្រជាជន មិនឲ្យធ្វើសកម្មភាពអ្វីមួយ។ អង្គការ​អន្តរយុត្តិធម៌ TJWG បាន​បញ្ជាក់ថា របាយការណ៍​របស់ខ្លួន ត្រូវបាន​​រៀបចំឡើង​ដោយផ្អែកលើ​បទសម្ភាសន៍ យ៉ាងលម្អិត​ ជាមួយ​ជនជាតិ​កូរ៉េខាងជើង​ចំនួន ៣៧៥នាក់ ដែលបាន​រត់គេចខ្លួន​ពីប្រទេស​ដ៏ឯកោមួយ​នេះ នៅក្នុងអំឡុង​ពេលពីរឆ្នាំ។

គួរបញ្ជាក់ថា អង្គការ TJWG មានសមាសភាព​ដូចជា​ សកម្មជនការពារ​សិទ្ធិមនុស្ស និងអ្នកស្រាវជ្រាវ​ជាច្រើនរូប ហើយដឹកនាំ​ដោយ លោក Lee Younghwan ដែលធ្លាប់​បានបម្រើការជាអ្នកតស៊ូ​មតិ​ម្នាក់ ដើម្បីការពារ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កូរ៉េខាងជើង។ បន្ថែមពីនេះប្រភពឧបត្ថម្ភ​ភាគច្រើន​​របស់​​អង្គ​​ការ​​នេះ គឺបានមកពី​ទីភ្នាក់ងារ National Endowment for Democracy ដែលមាន​មូលដ្ឋាននៅ​សហរដ្ឋអាមេរិក និងទទួល​ការឧបត្ថម្ភ​​បន្តពី​សភា​អាមេរិក៕