(ព្យុងយ៉ាង)៖ កាសែតរដ្ឋរបស់​ប្រទេសកូរ៉េខាងជើង បានធ្វើការព្រលះរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ដែលមានរហស្សនាម «ឆ្កែឆ្កួត» ថាកំពុងតែធ្វើការប្រកាសសង្គ្រាម​ជាមួយនឹងទីក្រុង​ព្យុងយ៉ាង ហើយ​ថែម​ទាំងបានជេរដៀលទៀតថា ឆ្កែឆ្កួតរបស់អាមេរិកមួយនេះ គឺជាធាតុផ្សំមួយ​ដែលចូលចិត្តបង្ក​សង្គ្រាមឈ្លានពាន​គេ​នៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik ដកស្រង់ពីកាសែតរដ្ឋ​កូរ៉េខាងជើង Rodong Sinmun នាព្រឹកថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។

កាសែត Rodong Sinmun បានចេញផ្សាយ​យ៉ាងដូច្នេះថា «វាជារឿងដែល​គួរអស់សំណើចណាស់ ដែលយើង​គឺគេពិភាក្សា​អំពីការមិនប្រើប្រាស់យោធា និងយកការទូត​ជាដំណោះស្រាយ​វិញនោះ។ James Mattis រហស្សនាម «ឆ្កែឆ្កួត» កំពុងតែធ្វើ​ការប្រកាស​សង្គ្រាមជាមួយ​នឹងទីក្រុងព្យុងយ៉ាង ហើយឆ្កែឆ្កួត​របស់​អាមេរិក​មួយនេះ គឺជាធាតុផ្សំមួយ​ដែលចូលចិត្តបង្ក​សង្គ្រាម​ឈ្លានពាន​គេ​ ​នៅជុំវិញពិភពលោក»

គួរបញ្ជាក់ថា ការថ្លែងរបស់កូរ៉េខាងជើងខ្លាំងៗខាងលើនេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធ​មិត្ត​កំពុងតែ​បំផុសឲ្យមានការដាក់ទណ្ឌកម្ម​បន្ថែមនៅលើកូរ៉េខាងជើង ជាការឆ្លើយតប​ទៅនឹងការអភិវឌ្ឍមីស៊ីលផ្លោងឆ្លងទ្វីប ICM ដែលកូរ៉េខាងជើង​ទើបតែទទួលជោគជ័យ​នៃការធ្វើតេស្ត កាលពីសប្តាហ៍កន្លងទៅ ហើយត្រូវបាន​កូរ៉េខាងត្បូង​ អាមេរិក និងជប៉ុន​អះអាងថា ជាការគំរាមកំហែងធ្ងន់ធ្ងរ​បំផុតមិនធ្លាប់មាន ចំពោះសន្តិសុខក្នុងតំបន់ និងពិភពលោក​ទាំងមូល៕