(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងសមភាគី​លោក វ៉្លាឌីមៀ ពូទីន បានជជែកគ្នា​ជាលើកទីពីរ​កាលពី​ថ្ងៃទី០៧ ខែកក្កដា ដែលជា​ថ្ងៃចាប់ផ្តើមនៃ​កិច្ចប្រជុំ​កំពូល G20 នៅឯប្រទេស​អាល្លឺម៉ង់ ហើយកិច្ច​ពិភាក្សានោះ​មិនត្រូវបានបើកចំហ​ឲ្យដឹង​នោះ​​ឡើយ។ ​នេះ​បើតាមការបញ្ជាក់​ពីសេតវិមាន​អាមេរិក ដកស្រង់​ដោយ​ស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹក​ថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧។

មន្រ្តីជាន់ខ្ពស់​សេតវិមានម្នាក់បានប្រាប់ CNN ថា កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្នុងរយៈពេលជិត​មួយម៉ោង។ សេតវិមាននៅក្នុងសេចក្តីថ្លែង​ការណ៍របស់ខ្លួន បានទទួលស្គាល់អំពីជំនួបជាលើកទីពីរ​ក្នុងថ្ងៃតែមួយនេះ និងបាន​លើកឡើង​ថា វាមាន​រយៈពេលខ្លី​ហើយ លោក ត្រាំ បាន​ជជែក​ជាមួយ​លោក ពូទីន តាមរយៈអ្នកបក​ប្រែរបស់រុស្ស៊ី ដោយសារ​នាឱកាស​ពិសាភោជនីយអាហារពេលល្ងាចនោះ ប្រទេស​នីមួយៗ​តម្រូវ​ឲ្យ​មាន​អ្នក​​បក​ប្រែតែម្នាក់គត់ ខណៈអ្នកបកប្រែ​របស់អាមេរិក​និយាយ​ភាសាជប៉ុន។

សេចក្តីថ្លែងការណ៍​របស់សេតវិមាន​បានបន្តបញ្ជាក់ថា កិច្ចសន្ទនានោះ​បានប្រព្រឹត្ត​ទៅនៅចំពោះ​មុខ​បណ្តាមេដឹកនាំ​ពិភពលោក​ដទៃៗទៀត រួម​ទាំង​ស្វាមី​ក៏ដូចជាភរិយា​របស់ពួកគេ នៅឯពិធីពិសា​ភោជនីយអាហារ​ពេលល្ងាចមួយ ដែលរៀប​ចំឡើងដោយអធិការ​បតីអាល្លឺម៉ង់​លោកស្រី អែនជែឡា មឺគែល ក្នុងអំឡុងនៃកិច្ចប្រជុំកំពូល G20 នៅទីក្រុង Hamburg។ នាឱកាស​នោះ លោក ដូណាល់ ត្រាំ បានអង្គុយជិត​នាយករដ្ឋមន្រ្តី​​ជប៉ុន​ លោក ស៊ីនហ្សូ អាបេ និងភរិយារបស់​លោក អាបេ ខណៈជំទាវទីមួយ​អាមេរិកលោកស្រី មេឡានា ត្រាំ ត្រូវអង្គុយ​ក្បែរលោក ពូទីន។

សេតវិមាន​បានឲ្យដឹងថា លោក ត្រាំ ក៏បាន​ទៅរកភរិយា​របស់លោក ហើយសន្ទនា​គ្នាជាមួយលោក ពូទីន នៅពេលពិធី​ពិសា​ភោជនីយអាហារ​​នោះជិតបញ្ចប់។ សេតវិមាន​អាមេរិកនៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន បានបន្តថា វាគឺជារឿងធម្មតា និងជាកាតព្វកិច្ចមួយ​​របស់​លោក​​ប្រ​ធា​នា​ធិប​តី ដើម្បីធ្វើទំនាក់ទំនង​ជាមួយមេដឹកនាំ​ពិភពលោកដទៃទៀត។ ជាងនេះទៅទៀត សេតវិមាន​ក៏បានរិះគន់ ចំពោះការចាត់ទុក​កិច្ចពិភាក្សា​នេះ​ថា ជាជំនួបលួចលាក់​លើកទីពីរ​ថែមទៀតផង ហើយបាន​បញ្ជាក់ថា វាគ្រាន់តែជាកិច្ចសន្ទនា​ខ្លីមួយប៉ុណ្ណោះ។ ជាមួយគ្នា​នេះ លោក ត្រាំ ផ្ទាល់​ក៏បានបង្ហោះ​សារលើប្រព័ន្ធ Twitter ដើម្បីវាយប្រហារ​ប្រព័ន្ធផ្សព្វផ្សាយ​ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ កិច្ចពិភាក្សា​នៅឯពិធីពិសាភោជនីយអាហារ​ពេលល្ងាចនោះ បានកើតមាន​ឡើង បន្ទាប់ពី​លោក ត្រាំ និង លោក ពូទីន បានពិភាក្សា​ទល់មុខគ្នាជា​លើកដំបូង នៅក្នុងជំនួបទ្វេភាគី​រយៈពេល​ជាងពីរម៉ោង ដែលបាន​គ្រោងទុក​នៅថ្ងៃ​ដដែល៕