(មូស្គូ)៖ ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃអង្គារនេះ បាននិយាយថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចាត់វិធានការស្របច្បាប់សងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក បន្ទាប់ពីជំនួបប្រជុំក្នុងទីក្រុង វ៉ាស៊ីនតោន បញ្ចប់ទៅដោយគ្មានលទ្ធផលអ្វីទាំងអស់ ពាក់ព័ន្ធនឹងការទាមទារឱ្យទីក្រុងវ៉ាស៊ីនតោន ប្រគល់កម្មសិទ្ធិទូតរុស្ស៊ីក្នុង​ទីក្រុងញូយ៉ក និងរដ្ឋម៉ារីលែន ដែលត្រូវបានរឹបអូសត្រឡប់ មកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ ទីក្រុងមូស្គូ បានបញ្ជាក់ថាខ្លួនពិតជាមានការរំពឹងជាខ្លាំងទៅលើកិច្ចប្រជុំកាលពីថ្ងៃចន្ទ រវាងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov និងសមាភាគីអាមេរិក លោក Thomas Shannon ស្ដីពីជម្លោះការទូតរវាងប្រទេសទំាងពីរ ប៉ុន្តែនៅចុងបញ្ចប់គ្មានដំណោះស្រាយណាមួយត្រូវបានឯកភាពគ្នានោះឡើយ។ «រុស្ស៊ីបញ្ជាក់ជាថ្មីឡើងវិញថាបើសិនជា ទីក្រុងវ៉ាស៊ីតោនមិនព្រមប្រគល់កម្មសិទ្ធិទូតរុស្ស៊ី ត្រឡប់មកវិញទេនោះ ឬក៏នៅតែបង្កជាឧបសគ្គដល់ស្ថាប័នទូតរបស់យើង នោះយើងនឹងប្រើប្រាស់សិទ្ធិស្របច្បាប់ចាត់វិធានាការសងសឹក ឱ្យខានតែបាន»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ី។

គួររំលឹកថា កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាល​អតីតប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញ​បទបញ្ជា​ឲ្យធ្វើការ​បណ្តេញ​មន្រ្តីទូតរុស្ស៊ីចំនួន ៣៥នាក់ ដែលសង្ស័យ​ថា បានលួចស៊ើបយក​ការណ៍​នៅ​សហរដ្ឋអាមេរិក ហើយទីក្រុង​វ៉ាស៊ីនតោន ក៏​បានបិទ​ទីតាំងអគារ​ចំនួនពីរកន្លែង​ ដែលជាកម្មសិទ្ធិ​របស់ស្ថានទូត​រុស្ស៊ីផងដែរ ដោយវិធានការ​ទាំងនេះ ត្រូវបាន​ធ្វើឡើង ជាការឆ្លើយ​តប​ចំពោះមន្ទិលសង្ស័យ​ដែលថា រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ បានចូលជ្រៀតជ្រែក​ក្នុងដំណើរការ​បោះឆ្នោត​ ជ្រើសរើស​ប្រធានាធិបតី​អាមេ​រិក៕