(តេហេរ៉ង់)៖ ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីពីសំណាក់សហរដ្ឋអាមេរិក សភាជាតិអ៊ីរ៉ង់បានអនុម័តលើសេចក្ដីព្រាងច្បាប់មួយដែលមានគោលដៅប្រយុទ្ធ ប្រឆាំងនឹងសកម្មភាពអាមេរិក នៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

ការអនុម័តច្បាប់នេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីទណ្ឌកម្មសេដ្ឋកិច្ចថ្មីមួយប្រឆាំងនឹងទីក្រុងតេហេរ៉ង់ ទាក់ទិននឹង កម្មវិធីមីស៊ីលផ្លោង និងការចូលរួមចំណែកបង្កឱ្យមានភាពតានតឹងនៅក្នុងតំបន់។ ដោយឡែក ជុំវិញច្បាប់ថ្មីនេះដែរ អ្នកនាំពាក្យសភាអ៊ីរ៉ង់ លោក Ali Larijani បានគូសបញ្ជាក់ក្រោយ ការបោះឆ្នោតនៅក្នុងសភាដូច្នេះថា៖ «ការបោះឆ្នោតនេះគឺបង្ហាញពីការប្ដេជ្ញាចិត្តរបស់ប្រជាជនអ៊ីរ៉ង់ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងសកម្មភាពអាមេរិក...ហើយរដ្ឋបាលអាមេរិក ត្រូវតែទទួល ស្គាល់សាររបស់យើងថាការចាត់វិធានការប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវសងមកវិញនូវតម្លៃតបស្នងយ៉ាងសាកសម»

គួរបញ្ជាក់ថា សមាជិកសភាអ៊ីរ៉ង់ ២១២នាក់ បានបោះឆ្នោតអនុម័តលើច្បាប់ប្រឆាំងសហរដ្ឋអាមេរិក ហើយបើតាមច្បាប់នេះ ទីក្រុងតេហេរ៉ង់ បានយល់ព្រមទម្លាក់កញ្ចប់ថវិការ ២៦០លាន ដុល្លារបន្ថែមសម្រាប់កម្មវិធីអភិវឌ្ឍន៍មីស៊ីលផ្លោង និងចំនួនទឹកប្រាក់ដូចគ្នានេះនឹងត្រូវចំណាយទៅលើកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់៕