(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានស្នើឱ្យសភាជាតិផ្ដល់សុពលភាពបន្តដល់ច្បាប់អាជ្ញាសឹកនៅលើកោះមិនដាណាវ ស្ថិតនៅភាគខាងត្បូងនៃប្រទេសរហូតដល់ ចុងឆ្នាំ២០១៧នេះ ដើម្បីទុកលទ្ធភាពឱ្យកងកម្លាំងហ្វីលីពីន បោសសំអាតពួកសកម្មប្រយុទ្ធនៅក្នុងទីក្រុង Marawi។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

តំបន់ភាគខាងត្បូង ប្រទេសហ្វីលពីន មានប្រជាជនរស់នៅប្រមាណជា២២លាននាក់ ត្រូវបានដាក់ឱ្យនៅក្រោមច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី២៣ ខែឧសភា បន្ទាប់ពីពួកសកម្មប្រយុទ្ធមាន សម្ព័ន្ធភាពជាមួយពួក ISIS បានដណ្ដើមគ្រប់គ្រងផ្នែកខ្លះក្នុងទីក្រុង Marawi ហើយមកទល់ពេលនេះ ពួកសកម្មប្រយុទ្ធទាំងនេះ នៅតែមានវត្តមាននៅភាគកណ្ដាលនៃទីក្រុងនេះនៅឡើយ បើទោះជាកងកម្លាំងយោធាហាក់ដូចជាមានប្រៀបជាងក៏ដោយ។ ដោយឡែក ទាក់ទិននឹងជម្លោះនេះដែរ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន លោក Ernesto Abella បានឱ្យដឹងថាលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានស្នើឱ្យសភាបន្តសុពលភាពលើច្បាប់អាជ្ញាសឹក រហូតដល់ចុងឆ្នាំ២០១៧នេះ សំដៅទុកពេលវេលាឱ្យយោធាហ្វីលីពីន បន្តប្រតិបត្តិការយោធាបោសសំអាតក៏ដូចជារំដោះ ទីក្រុង Marawi ព្រមទំាងកសាងទីក្រុងមួយនេះឡើយវិញ។

គួរបញ្ជាក់ថា លោក Pantaleon Alvarez ប្រធានសភាហ្វីលីពីន ក៏មិនបានជំទាស់អ្វីនឹងសំណើនេះដែរ។ ច្បាប់អាជ្ញាសឹករបស់លោក ឌូតឺតេ បានផ្ដល់សិទ្ធិអំណាចដល់កងកម្លាំងសន្តិសុខ ហ្វីលីពីនទាំងអស់ចាប់ឬឃាត់ខ្លួនរាល់ជនសង្ស័យសម្រាប់រយៈពេល០៣ថ្ងៃ ដោយមិនចំាបាច់ស្នើសុំការអនុញ្ញាតជាមុនពីតុលាការ។ មួយវិញទៀត បើតាមអាជ្ញាធរហ្វីលីពីន ពួកសកម្ម ប្រយុទ្ធយ៉ាងហោចណាស់ ៤១៣នាក់ត្រូវបានសម្លាប់ ហើយកងកម្លាំងរដ្ឋាភិបាល៩៨នាក់ និងជនស៊ីវិល៤២នាក់បានស្លាប់ ដោយសារជម្លោះប្រដាប់អាវុធ អស់រយៈពេលជាង៥៧ថ្ងៃ មកនេះ៕