(ប៉េកាំង)៖ ចិនបានថ្កោលទោស​ចំពោះខ្លឹមសារ​អវិជ្ជមាន នៅក្នុងសេចក្តីព្រាង​ការពារជាតិប្រចាំឆ្នាំ ដែលទើបតែ​ទទួលបានការអនុម័តគាំទ្រពី​​សភា​អាមេរិក កាលពីពេលថ្មីៗនេះ ដោយសារ​តែវា​នឹងបង្កើនទំនាក់ទំនង​របស់ទីក្រុង​វ៉ាស៊ីនតោន​ជាមួយ​កោះតៃវ៉ាន់ ដែល​ទីក្រុង​​ប៉េកាំង​ចាត់​ទុក​ថា ​ត្រឹម​ជា​ខេត្តមួយនៅក្នុងទឹកដី​ខ្លួនតែ​ប៉ុណ្ណោះ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃ​អង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

អ្នកនាំពាក្យក្រសួង​ការបរទេសចិន លោក Lu Kang បានថ្កោលទោស​ធ្ងន់ៗចំពោះសេចក្តី​ព្រាងនេះ ដោយលោក​បានលើកឡើងថា វាបានបំពាន​​លើគោលនយោបាយ​ចិនតែមួយ​ដែលកំណត់​ថា រដ្ឋាភិបាលចិន​គឺមានតែមួយគត់ ដោយកោះតៃវ៉ាន់​ក៏ត្រូវស្ថិតក្រោម​ការ​គ្រប់​គ្រង ​និង​ដឹក​នាំ​​នេះ​ផងដែរ ហើយមិន​ទទួលស្គាល់​តៃវ៉ាន់ថា​ជាប្រជាជាតិ ដែលមាន​អធិបតេយ្យភាពពេញ​លេញ​មួយនោះឡើយ។

លោក Lu បានថ្លែងប្រាប់​ក្រុមអ្នកសារព័ត៌មាន​ថា ចិនបានបង្ហាញ​ពីគោលជំហរ​របស់ខ្លួនយ៉ាងច្បាស់ហើយ អំពីសេចក្តីព្រាង​វិស័យការពារ​ជាតិ​​​នេះ​ ហើយអ្នកនាំ​ពាក្យរូបនេះ​បានបន្ថែមថា ទំនាក់ទំនង​រវាងតៃវ៉ាន់ និងយោធា​សហរដ្ឋអាមេរិក ពុំគួរកើត​ឡើងមានឡើង​នោះឡើយ ហើយ​បាន​ចោទទីក្រុងវ៉ាស៊ីនតោន​ថា បានចូលលូកដៃ​ក្នុងកិច្ចការផ្ទៃ​ក្នុងរបស់​ទីក្រុងប៉េកាំង។

លោក Lu Kang បានគូស​បញ្ជាក់ទៀតថា «យើងសូម​​ទទូច​ដល់​អាមេរិក ឲ្យទទួលស្គាល់​យ៉ាងពេញលេញ នូវគ្រោះថ្នាក់​ដ៏ធ្ងន់ធ្ងរ​នៃ​ឃ្លា​​ពាក់​ព័ន្ធ​មួយ​ចំនួន ដែលបាន​ចែងនៅក្នុង​សេចក្តីព្រាងនេះ និងមិនគួរ​អនុញ្ញាត​ឲ្យពួកវា​ចូលជាធរមាន ក្លាយទៅជា​ច្បាប់បាននោះ​ឡើយ ហើយកុំ​បង្វិល​ចង្កូតប្រវត្តិសាស្រ្ត​បកក្រោយថ្វី ដើម្បី​ជៀស​វាង​​ការបំផ្លិចបំផ្លាញ​ដល់រូបភាព​ដ៏ទូលំទូលាយ នៃកិច្ចសហប្រតិបត្តិការ​ចិន-អាមេរិក​»

សេចក្តីព្រាង​ការពារជាតិ NDAA ដែលត្រូវបាន​សភាអាមេរិកអនុម័ត​គាំទ្រកាលពី​ពេលថ្មីៗនេះ បានលើក​ឡើងថា វាគឺជាការយល់ឃើញ​របស់​សភា​ដែលថា រដ្ឋមន្រ្តីការពារជាតិអាមេរិក​គួរតែបង្កើតកម្មវិធី​ផ្លាស់ប្តូរបទ​ពិសោធន៍ រវាងមន្រ្តីជាន់​ខ្ពស់យោធា​អាមេរិក និងតៃវ៉ាន់ ដែលមាន​កម្មវត្ថុ​សំដៅបង្កើន​ទំនាក់ទំនង​កងទ័ព និងកងទ័ពរវាង​ប្រទេស​ទាំងពីរ។

គួរបញ្ជាក់ថា ការចូល​មកពាក់ព័ន្ធរបស់​សហរដ្ឋអាមេរិក ជាមួយ​កោះតៃវ៉ាន់ គឺជាប្រធានបទ​ដ៏រសើបបំផុតមួយ សម្រាប់​ប្រទេសចិន បើទោះបីជា​ទីក្រុង​វ៉ាស៊ីន​តោន​បច្ចុប្បន្ន​ពុំមាន​ទំនាក់ទំនងផ្លូវការ​ ជាមួយ​និងកោះនេះ​យ៉ាងណាក្តី។ កាលពីពេល​កន្លងទៅ ទីក្រុងប៉េកាំង​ក៏បានទាមទារ​ទីក្រុង​វ៉ាស៊ីនតោន ឲ្យ​ពិចារណាឡើងវិញ​លើគម្រោងលក់​សព្វាវុធ ដែលគិតជា​ទឹកប្រាក់សរុប​មានតម្លៃដល់ទៅ ១.៤២ពាន់លានដុល្លារ​ផងដែរ ដោយសារតែ​វានឹងផ្ទុយ​ពីការយោគយល់​គ្នាមួយ ដែលសម្រេច​បាន​រវាង លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នៅពេលដែល​មេដឹកនាំ​ទាំងពីរ​បានជួបគ្នា​ កាលពីដើម​ខែមេសា​កន្លងទៅនេះ៕