​(វ៉ាស៊ីនតោន)៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងទទួល​រងការរិះគន់យ៉ាង​ខ្លាំង ពីសំណាក់ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដោយសារតែ​រឿងអាស្រូវ នៃការលួចមានទំនាក់ទំនង​សម្ងាត់ជាមួយ រុស្ស៊ី ប៉ុន្តែទន្ទឹមគ្នា ក្រុមអ្នក​ជំនាញ​មួយចំនួ​ននិយាយថា វាគ្រាន់តែជា​ការស្លន់ស្លោរ និងការប្រកាន់​ឥរិយាបទ​ស្ដង់ដារពីរ របស់ប្រព័ន្ធផ្សព្វផ្សាយ​ខ្លះតែ​ប៉ុណ្ណោះ ខណៈដែលលោក ត្រាំ បានបង្ហោះសារស្តីបន្ទោស CNN ធ្ងន់ៗសាជាថ្មី។ នេះបើតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារ​សារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

សង្រ្គាម​ពាក្យ​សម្ដីរវាងលោក ត្រាំ និងប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ជាពិសេសគឺ CNN​ ផ្ទុះឡើង​បន្ទាប់ពីការលេចធ្លាយនូវ រឿងអាស្រូវ​មួយផ្សេងទៀត​ដែលថា កូនប្រុសរបស់លោក​គឺលោក Donald Trump Jr. បានជួប​ពិភាក្សាជាមួយ​មេធាវីរុស្ស៊ី​ម្នាក់ ពាក់ព័ន្ធនឹង​ព័ត៌មាន​មិនល្អ​ នៃអតីតបេក្ខជន​ប្រធានាធិបតី​អាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន។ ចំណែកឯ ក្រុមអ្នក​រិះគន់​ប្រធានាធិបតី​អាមេរិក ដ៏ចម្រូងចម្រាស់​រូបនេះ ក៏បាន​អះអាង​ដែរថា នេះគឺជា​ភស្ដុតាង​បង្ហាញយ៉ាង​ច្បាស់​ ពីការឃុបឃិត​រវាងក្រុមយុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់ លោក ត្រាំ ជាមួយរុស្ស៊ី បើទោះបីជាមេធាវីរូបនោះ និងទីក្រុងម៉ូស្គូបាន​បដិសេធ​ក៏ដោយ។

ដោយឡែកជុំវិញបញ្ហានេះដែរ នៅក្នុងបទសម្ភាសន៍​ជាមួយទីភ្នាក់ងារសារព័ត៌មាន​ស៊ីនហួរ អ្នកជំនាញ​ផ្នែកយុទ្ធសាស្ត្រ មកពី​គណបក្ស​សាធារណៈរដ្ឋ លោក Ford O'Connell បានលើក​ឡើងយ៉ាង​ដូច្នេះ​ថា «ប្រព័ន្ធផ្សព្វផ្សាយ​ខ្លះ​ចាប់ផ្ដើមឡប់ឡែរ​ចំពោះរឿងនេះ ដោយពួកគេ​មើលឃើញថា វាគឺជាបទឧក្រិដ្ឋ​ ទាំងវា​មិនមែន​ជាការពិត... ពួកគេចង់ឱ្យវាក្លាយជាបទឧក្រិដ្ឋ ប៉ុន្តែគ្មាន​ភស្ដុតាណាមួយ​បញ្ជាក់ថា រដ្ឋបាលលោក ត្រាំ បានរំលោភលើ​ច្បាប់នោះទេ»។

គួរបញ្ជាក់ថា ក្រោយរឿង​អាស្រូវរបស់​កូនប្រុសខ្លួន​ត្រូវបាន CNN ចុះផ្សាយ លោក ដូណាល់ ត្រាំ បាន​ចោទប្រកាន់​ជាថ្មីថា CNN គឺជាព័ត៌មាន​ក្លែងក្លាយ ហើយលោក​ថែមទាំង​បានបង្ហោះ វីដេអូចំអក​ដល់ស្ថានីយ៍​ទូរទស្សន៍​មួយនេះទៀតផង ដោយតែបានចោទថា លោក ត្រាំ បានធ្វើសកម្មភាព​គាំទ្រឱ្យមាន​ការប្រព្រឹត្ត​អំពើហិង្សា៕