(វ៉ាស៊ីនតោន)៖ រដ្ឋាភិបាលជប៉ុន​នៅថ្ងៃចន្ទសប្ដាហ៍នេះ បានសម្ដែងការ​មិនពេញចិត្ត​នឹងរដ្ឋាភិបាល​កូរ៉េខាងត្បូង ​ចំពោះការដាក់​សំណើរៀបចំកិច្ច​ប្រជុំ​យោធាអន្តរកូរ៉េ​ ជាមួយកូរ៉េខាងជើង​ដោយនិយាយ​ទៀតថា វិធានការជាអាទិភាព​នៅពេលនេះ នោះគឺការ​ដាក់សម្ពាធលើ​ទីក្រុងព្យុងយ៉ាង​ តាមរយៈទណ្ឌកម្ម។ នេះបើតាម​អ្នកនំា​ពាក្យក្រសួង​ការបរទេស​ជប៉ុន ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia ​នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

«នេះមិនមែន​ជាពេលវេលា​សាកសម​ មកអង្គុយសន្ទនា​ជាមួយកូរ៉េខាងជើង​នោះទេ ក៏ប៉ុន្តែវា​គឺជាពេលត្រូវ​ដាក់សម្ពាធ និងទណ្ឌកម្មបន្ថែមលើ​ទីក្រុង​ព្យុងយ៉ាង រហូតដល់​ពួកគេ​យល់ព្រម ត្រឡប់មក​រកតុចរចា​វិញ ដោយឆន្ទៈ​ពិតប្រាកដ»។ នេះគឺជា​ការលើកឡើង​របស់អ្នកនំា​ពាក្យ​ក្រសួងការបរទេស​ជប៉ុន លោក Norio Maruyama ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ នៅក្នុងទីក្រុង​ញូយ៉កជា​ទីដែលរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក Fumio Kishida ចូលរួមកិច្ច​ប្រជុំ UN ស្ដីពីការ​អភិវឌ្ឍ។

គួរបញ្ជាក់ថា ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ​បានដាក់សំណើ​មួយទៅកាន់​កូរ៉េខាងជើង ដើម្បីរៀបចំ​កិច្ចសន្ទនា​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ នៅឯតំបន់​ព្រំដែន​នៃភូមិ Panmunjom សំដៅបន្ធូរបន្ថយ​ភាព​តានតឹង។ ចំណែកឯ​កូរ៉េខាងជើង ក៏បាន​អះអាង​ដែរថា ដំណោះស្រាយ​លើស្ថានភាព​ប្រឈមមុខ​ដាក់គ្នា​ទាំង​នយោបាយ និងយោធា​នៅ​ឧបទី្វបកូរ៉េ គួរតែកា្លយ​ជាដំណាក់​កាល ដំបូង​នៃការធ្វើឱ្យ​ប្រសើរឡើងវិញ​នូវទំនាក់ទំនង​រវាងប្រទេស​ទំាងពីរ។ មួយវិញទៀត បើសិនជា​កិច្ចចរចា​យោធានេះកើត​ឡើងមែន នោះវា​នឹងក្លាយជា​ជំនួបលើក​ដំបូង​បំផុត គិតចាប់តាំងពី​ខែធ្នូ ឆ្នាំ២០១៥មក ប៉ុន្តែមកពេល​នេះ​កូរ៉េខាងជើង មិនទាន់ឆ្លើយតប​នឹងសំណើនេះ​នៅឡើយទេ៕