(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានគំរាម​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ចយ៉ាង​តឹងរឹង​ ប្រឆាំងនឹង​រដ្ឋាភិបាល​វេណេស៊ុយអេឡា បើសិនជា​នៅតែចចេស​ អនុម័តលើ​វិសោធន​កម្មរដ្ឋធម្មនុញ្ញ ដើម្បីបង្កើតសភាធម្មនុញ្ញ ដោយថែមទាំង​ហៅប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ថា​មេដឹកនាំដ៏អាក្រក់​មានបំណងចង់ក្លាយជា​ «មេដឹកនាំផ្ដាច់ការ» នៅអាមេរិកឡាទីន។ នេះបើតាម សេតវិមានដកស្រង់​ដោយ​ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

សេតវិមាន​នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន បានបញ្ជាក់ពី​សម្ដីរបស់ លោក ដូណាល់ ត្រាំ យ៉ាងដូច្នេះថា «កាលពី​ម្សិលមិញ (ថ្ងៃចន្ទ) ប្រជាជន​វេណេស៊ុយអេឡា បានបង្ហាញ​យ៉ាងច្បាស់​ជាថ្មីម្ដង​ទៀតថា ពួកគេ​ឈរគាំទ្រ​ប្រជាធិបតេយ្យ, សេរីភាព និងនីតិរដ្ឋ។ ប៉ុន្តែ​សកម្មភាព និងភាពហានក្លារបស់ពួកគេ នៅតែ​មិនត្រូវបាន​អើពើ ដោយមេដឹកនាំ​ដ៏អាក្រក់ម្នាក់​ដែលស្រមៃចង់ក្លាយ ជាមេដឹកនាំ​ផ្ដាច់ការ... ដូច្នេះ​សហរដ្ឋអាមេរិក​នឹងមិននៅ​ស្ងៀមឡើយ ខណៈ​វេណេស៊ុយអេឡា​កំពុងជួបវិបត្តិ ហើយបើសិនជារបបលោក ម៉ាឌូរ៉ូ អនុម័តលើ​គំរោងវិសោធនកម្ម​រដ្ឋធម្មនុញ្ញ នៅថ្ងៃ​ទី៣០ ខែកក្កដា នោះទីក្រុង​វ៉ាស៊ីតោន នឹងចាត់វិធានការ​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​យ៉ាងតឹងរឹង​ជាទីបំផុត»

គួរបញ្ជាក់ថា កាលពី​ថ្ងៃអាទិត្យ ៩៨ភាគរយ​នៃក្រុមអ្នកគាំទ្រ​គណបក្សប្រឆាំង បាននំាគ្នា​បោះឆ្នោតក្រៅ​ផ្លូវការមួយ ដោយទាត់ចោល​គំរោងធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​របស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលពួកគេ​យល់ថា គឺជាមធ្យោបាយ​ពង្រឹង​អំណាច និងរំលោភ​លើ​រដ្ឋធម្មនុញ្ញ ហើយពួកគេ​នៅតែទទូចដដែល​ឱ្យមានការរៀបចំ​ការបោះឆ្នោត បើទោះជា​ប្រធានាធិបតី​រូបនេះ គំរាម​ប្រើប្រាស់​កម្លាំងយោធា​បង្រ្កាប​ក៏ដោយ៕