(សេអ៊ូល)៖ ប្រទេស​កូរ៉េខាងជើង កំពុងតែជំរុញ​ឲ្យមានការបង្កើត​ប្រព័ន្ធយុទ្ធសាស្រ្ត​យោធាមួយ​មានឈ្មោះថា «អ័ក្សបី» ដើម្បី​ជួយ​​ដល់​ការ​​ការ​ពារ​ខ្លួន​​ ប្រឆាំង​​នឹង​ការ​គំរាម​កំហែង​​មីស៊ីល ​​ក៏ដូចជាអាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ដែលកំពុងកើន​ឡើង​ឥទ្ធិពលខ្លាំង។ នេះបើ​តាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅព្រឹក​ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

សមាស​ធាតុផ្សំរបស់​ប្រព័ន្ធខាងលើ រួមមានប្រព័ន្ធ​វាយប្រហារ Kill Chain, ប្រព័ន្ធការពារ​​មីស៊ីល និងដែនអាកាស KAMD, និង​ប្រព័ន្ធ​យុទ្ធ​សាស្រ្ត​​តបត​​ទ្រង់​ទ្រាយធំ KMPR។ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានសន្យាថា នឹងបញ្ចប់កម្មវិធីនេះ​ឲ្យបានឆាប់រហ័ស​តាមដែលអាចធ្វើ​ទៅរួច ដោយសារតែ​វាគឺជាលក្ខខណ្ឌ​ចម្បងមួយ សម្រាប់ការ​ផ្ទេរសិទ្ធិ​នៃការគ្រប់គ្រង​ប្រតិបត្តិការ​សង្រ្គាម​ទាំងស្រុង OPCON លើ​កង​ទ័ព​​របស់​លោក ពី​សហរដ្ឋអាមេរិក​មកវិញ។

អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បានថ្លែង​ក្នុងសន្និសីទ​សារព័ត៌មានថា «កងទ័ពរបស់យើង នឹងខិតខំប្រឹង​ប្រែង​រិះរកវិធីសាស្រ្ត​​ខុស​ៗគ្នា ដើម្បីបង្កើត​ប្រព័ន្ធសមត្ថភាព​ដែលគួរឲ្យ​ទុកចិត្ត ដើម្បីត្រៀម​ទប់ទល់នឹង អាវុធនុយក្លេអ៊ែរ​ក៏ដូចជាមីស៊ីល​ផ្លោង របស់​​ប្រទេស​កូរ៉េ​ខាង​ជើង​ឲ្យ​បានឆាប់បំផុតតាមតែអាចធ្វើបាន ដោយក្នុងនោះ​ក៏រួមមានគម្រោង​អ័ក្សបី​ផងដែរ»

គួរបញ្ជាក់ថា រដ្ឋបាល​លោក មូន ជែអ៊ីន សង្ឃឹមថា នឹងបង្ហើយ​កម្មវិធី «អ័ក្សបី» នេះ​ឲ្យចប់រួចរាល់​នៅដើមទសវត្សរ៍​ឆ្នាំ២០២០ ស្របពេល​ដែល​រដ្ឋាភិបាល​កូរ៉េខាងត្បូងថ្មីនេះ កំពុងព្យាយាម​ចង់បានបញ្ជា OPCON មកគ្រប់គ្រង​ដោយផ្ទាល់វិញ​ឲ្យទាន់អាណត្តិ​ដឹកនាំរបស់ខ្លួន ដែលនឹង​ផុត​នៅឆ្នាំ២០២២។ ក៏ប៉ុន្តែអ្វី​ដែលជាឧបសគ្គ​នៅចំពោះមុខនោះ គឺបញ្ហា​កញ្ចប់ថវិកា។

គួរជំរាប​ជូនបន្ថែមផងដែរថា កូរ៉េខាងត្បូងតាម​ពិតត្រូវយក OPCON មកគ្រប់គ្រង​វិញ​នៅចុងឆ្នាំ២០១៥ ក៏ប៉ុន្តែនីតិវិធី​នៃការផ្ទេរសិទ្ធិបញ្ជា​ប្រតិបត្តិការ​កងទ័ពនេះ ត្រូវបានពន្យាពេល​ទៅវិញ​ស្របពេលដែល​សម្ព័ន្ធមិត្ត​ទាំងពីរ (កូរ៉េខាងត្បូង-អាមេរិក) បានឯកភាព​គ្នាថា នឹងស្វែងរក​ការផ្ទេរសិទ្ធ​​ដែលផ្អែក​លើលក្ខខណ្ឌ​វិញ។ កូរ៉េខាងត្បូង​បានប្រគល់សិទ្ធិ OPCON ទៅឲ្យ​កងកម្លាំង UN ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក នៅក្រោយសង្រ្គាម​​រវាងបងប្អូន​កូរ៉េទាំងពីរ​ បានផ្ទុះឡើង​កាលពី​ចន្លោះ​ឆ្នាំ១៩៥០-១៩៥៣៕