(សេអ៊ូល)៖ ជំនួយជាម្សៅមី ដែលជំនួយ​មួយផ្នែកនៃ​ជំនួយប្រមាណ​ ៥,២០០តោន ដែល​រដ្ឋាភិបាល​រុស្ស៊ី​សម្រេចចិត្តផ្ដល់ឱ្យទីក្រុង​ព្យុងយ៉ាង តាមរយៈអង្គការ​ស្បៀងអាហារ​ពិភពលោក (WFP) បានទៅ​ដល់កំពង់ផែ​កូរ៉េខាងជើង​ហើយ កាលពីដើម​សប្ដាហ៍នេះ ខណៈទំនាក់ទំនងរវាងចិន-កូរ៉េខាងជើង​ស្ថិតនៅក្នុង​​ស្ថានភាព​អាក្រក់ ដោយសារតែ​សហរដ្ឋអាមេរិក បានបង្ខំឲ្យ​ទីក្រុងប៉េកាំង​ដាក់ទណ្ឌកម្មធ្ងន់ធ្ងរ លើទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​ការចេញផ្សាយ​​ដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅ​ព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​យ៉ុនហាប់ដដែល ជំនួយជាម្សៅមីជាង ២,៤០០តោនរបស់ទីក្រុងម៉ូស្គូ សម្រាប់គំរោងមនុស្សធម៌ WFP បានទៅដល់ដៃកូរ៉េខាងជើង​កាលពីយប់ថ្ងៃ​ចន្ទម្សិលមិញ។ ជាងនេះ​ទៅទៀត នៅក្នុង​ជំនួយទាំងនោះ​មានជំនួយ ២០៤តោន បានទៅដល់​កំពង់ផែ Chongjin នៃខេត្ត Hamkyong ខាងជើង ហើយត្រូវ​បានបញ្ជូន​បន្ត ទៅកាន់​រោងចក្រ​ចំណីអាហារ​នៅក្នុងខេត្ត Ryanggang ជាទីដែល​ម្សៅទំាងនេះ នឹ​ងត្រូវបានប្រើប្រាស់ផលិតជានំ ខណៈជំនួយ​នៅសល់គ្រោង​នឹងទៅដល់​ទីក្រុងកំពង់ផែ Heungnam នៃខេត្ត Hamkyong ខាងត្បូង​នៅថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា បើតាមគំរោង​ទីក្រុងម៉ូស្គូ​នឹងបញ្ជូនម្សៅ ២,៧០០តោន បន្ថែមទៀត​ទៅកាន់កូរ៉េខាងជើង ដែលកំពុង​ជាប់ទណ្ឌកម្មស្ទើរជុំទិសពីសំណាក់សហគមន៍​អន្តជាតិ សម្រាប់ការធ្វើតេស្ដ​មីស៊ីលផ្លោង​ជាបន្តបន្ទាប់ ​រំលោភលើដំណោះ​ស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។ ក៏ប៉ុន្តែ អ្វីដែលគួរឱ្យកត់​សម្គាល់នោះគឺថា ការសម្រេចចិត្ត​របស់រុស្ស៊ី​ក្នុងការផ្ដល់​ជំនួយនេះ ធ្វើឡើង​នៅចំពេល ចិនកំពុងបង្ហាញ​ពិភពលោកថា ខ្លួនបានចូល​រួម​ជាមួយ​សហរដ្ឋអាមេរិក ដាក់សម្ពាធ​ និងទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង៕