(រុស្ស៊ី)៖ គ្រោះរញ្ជួយផែនដី​កម្រិតធ្ងន់ធ្ងរ ៧.៨រ៉ិចទ័រ បានវាយប្រហារ​ក្បែរឧបទ្វីប Kamchatka ស្ថិតនៅភាគខាងកើតចុងបំផុត​នៃប្រទេស​រុស្ស៊ី ហើយបាន​បង្កជាការប្រកាស​អាសន្ន​អំពីរលកយក្សស៊ូណាមិ​ថែមទៀតផង ក៏ប៉ុន្តែការគំរាមកំហែងដែលបង្កឡើងពីគ្រោះធម្មជាតិនេះ បានកន្លងផុតទៅវិញ​ហើយ។ នេះ​បើ​តាមការឲ្យ​ដឹងពីទីភ្នាក់ងារ​ស្ទាបស្ទង់ភូមិសាស្រ្ត​អាមេរិក USGS និងមជ្ឈមណ្ឌល​ព្រមានពីរលកយក្ស​ស៊ូណាមិ ប្រចាំតំបន់​ប៉ាស៊ីហ្វិករបស់​​សហរដ្ឋអាមេរិក ដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០១៧។

គ្រោះរញ្ជួយផែនដី​ខាងលើនេះ បានកើតមានឡើងនា​វេលាម៉ោង ១១៖៣៤នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅក្នុង​តំបន់​កើតហេតុ) ដែលស្ថិត​នៅចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ​ពីទីក្រុង Nikolskoye លើកោះ Bering ក្បែរ​ឧបទ្វីប Kamchatka Peninsula។ ដោយឡែក​គ្រោះរញ្ជួយដី​នេះ មានជម្រៅ​រាក់ខ្លាំងគឺត្រឹមតែ ១០គីឡូម៉ែត្រក្រោម​បាតសមុទ្រ​ប៉ុណ្ណោះ ហើយវាស្ថិត​នៅក្បែរតំបន់​ដាច់ស្រយាលថែមទៀត ខណៈពុំ​ទាន់​​មានសេចក្តីរាយការណ៍​ណាមួយ បញ្ជាក់ពី​មនុស្សរងគ្រោះ​ និងទំហំខូចខាច​ដោយសារតែ​គ្រោះរញ្ជួយដី​កម្រិតធ្ងន់នេះ​នៅឡើយទេ។

មន្ទីរឃ្លាំមើល​ស្ថានការណ៍​បន្ទាន់​នៃប្រទេសរុស្ស៊ី​ប្រចាំនៅតំបន់ Kamchatka បានព្រមានថា ទឹករលកកម្ពស់​រហូតដល់​កន្លះម៉ែត្រ អាចទៅដល់​ក្រុង Nikolskoye។ ជាមួយគ្នានេះ មជ្ឈមណ្ឌល​ព្រមានពីរលក​យក្សស៊ូណាមិ ប្រចាំតំបន់​ប៉ាស៊ីហ្វិករបស់​​សហរដ្ឋអាមេរិក នៅមុននេះ​ក៏​បាន​ព្រមាន​ផងដែរថា រលកយក្ស​ស៊ូណាមិធំៗ​ដ៏គ្រោះថ្នាក់ អាចនឹងកើត​មាននៅតាម​បណ្តោយឆ្នេរ ដែលស្ថិតនៅ​រយៈចម្ងាយ ៣០០គីឡូ​ម៉ែត្រ​ពីចំណុចរំញ័ររបស់គ្រោះ​រញ្ជួយដីនេះ ក៏ប៉ុន្តែក្រោយ​មកមជ្ឈមណ្ឌលនេះ ក៏បានគូសបញ្ជាក់វិញថា ដោយយោងតាមការវិភាគទៅលើ​​ទិន្នន័យផ្សេងៗដែលពួកគេទទួលបាន ការគំរាមកំហែង​នៃរលកយក្ស​ស៊ូណាមិ បង្កឡើង​ដោយគ្រោះ​រញ្ជួយផែនដី​នេះ បានកន្លងផុត​ទៅ​ដោយ​ស្ងប់ស្ងាត់​វិញហើយ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដី​ខាងលើ​ពីដំបូងឡើយ​ត្រូវគេរាយការណ៍​មានកម្លាំង ៧.៧រ៉ិចទ័រ នៅមុនពេល​ដែលវា​ត្រូវបាន​ទម្លាក់ទៅ​ត្រឹម ៧.៤​​រ៉ិចទ័រ និងចុងក្រោយ​បំផុតនេះ​ឡើងដល់ ៧.៨រ៉ិចទ័រ ជាកម្រិត​ដ៏ធ្ងន់ធ្ងរមួយ ដែលជាទូទៅ​មានសមត្ថភាព​បង្កការ​បំផ្លិចបំផ្លាញ ក្នុងទ្រង់ទ្រាយ​​ដ៏ធំខ្លាំង​ក្លា​​បាន នៅពេល​ដែលវាវាយប្រហារចំ ឬមួយក៏ក្បែរ​កោះ​នានា៕