(ហ្សាការតា)៖ ជារឿងដែលកម្រនឹងកើតមាន ដោយរដ្ឋាភិបាលឥណ្ឌូណេស៊ី បានប្រកែកមិនព្រមទទួលយក​ជនជាតិរបស់ខ្លួនចំនួន ០៤នាក់ ដែលគ្រោងបញ្ជូនត្រឡប់ពីស៊ីរីមកកាន់ឥណ្ឌូណេស៊ីវិញឡើយ ហើយទីក្រុង​ហ្សាការតាថែមទាំងបានបញ្ជាក់ទៀតថា ឲ្យទុកពួកគេនៅប្រទេសស៊ីរីបន្តទៀតចុះ ហើយប្រយុទ្ធ​ដើម្បី ISIS រហូតដល់ស្លាប់នៅទីនោះទៅ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាល្ងាចថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

សេចក្តីប្រកាសខាងលើនេះ​ធ្វើឡើងដោយ លោក Ryamizard Ryacudu រដ្ឋមន្ត្រីក្រសួងការពារជាតិរបស់​ប្រទេសឥណ្ឌូណេស៊ី ដើម្បីធ្វើការស្រាវបំភ្លឺ​ចំពោះព័ត៌មានដែលថា ប្រជាជន​ឥណ្ឌូណេស៊ី​ចំនួន ០៤រូប នឹង​ត្រូវបញ្ជូន​ត្រឡប់​មកវិញ ក្រោយពីពួកគេត្រូវបានចាប់ខ្លួនដោយអាជ្ញាធរស៊ីរី ដោយសារតែការចូលរួម​ជាមួយបណ្តាញរដ្ឋអ៊ីស្លាម ISIS នៅក្នុងប្រទេសមជ្ឈិមបូព៌ាមួយនោះ។

លោក Ryamizard Ryacudu បានបញ្ជាក់ច្បាស់ៗ​យ៉ាង​ដូច្នេះថា «ជនជាតិឥណ្ឌូណេស៊ី​ដែលត្រូវ​បាន​ចាប់ខ្លួន ត្រូវតែស្នាក់​នៅស៊ីរីបន្ត​ទៀតចុះ។ កុំត្រឡប់មកផ្ទះ​វិញអី! នៅទីនោះបន្តទៀតទៅ ហើយប្រយុទ្ធ​រហូតដល់ស្លាប់​ចុះ»។ គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី​ក៏ស្ថិតនៅក្នុង​ចំណោមប្រទេស ដែលទទួលរង​ការគំរាមកំហែង​ដោយ ISIS ផងដែរ ទាំងប្រជាជន​រងគ្រោះដោយ​មនោគមន៍វិជ្ជា និងការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែក​ជារឿយៗ​កន្លងមក ជាហេតុនាំឲ្យរដ្ឋាភិបាល​ព្យាយាមចាត់វិធានការ​ក្តៅជានិច្ច ដើម្បីកម្ចាត់រាល់​បណ្តាញក្រុមនេះ ដោយមិនត្រា​ប្រណីសូម្បីបន្តិច​សោះឡើយ៕