(ម៉ូស្គូ)៖ រុស្ស៊ីគ្មាន​ជម្រើសអី្វផ្សេង​នោះឡើយ ក្រៅពីចាត់វិធានការ​សងសឹក​តបតនឹង​សហរដ្ឋអាមេរិក ចំពោះការបដិសេធ​របស់ទីក្រុង​វ៉ាស៊ីន​តោន ជុំវិញការប្រគល់​អលចលទ្រព្យ​ការទូតចំនួនពីរ​កន្លែង របស់រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ ដែលស្ថិតក្នុង​ទីក្រុងញូយ៉ក និងរដ្ឋម៉ារីលែន។ នេះបើតាមការលើកឡើង​ពីប្រធានគណៈកម្មាធិការ កិច្ចការបរទេស​នៃសភាជាន់ខ្ពស់​រុស្ស៊ី លោក Konstantin Kosachev ដក​ស្រង់​​ដោយ​​សារ​ព័ត៌​មាន Sputnik នៅ​រសៀល​ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

នាថ្ងៃចន្ទនេះ​មន្រ្តីជាន់ខ្ពស់មួយ​រូប របស់សេតវិមាន​អាមេរិក​បានថ្លែងថា អចលទ្រព្យ​ទាំងពីរនោះ ដែលត្រូវបាន​រឹបអូសកាលពី​ខែ​ធ្នូ ឆ្នាំ២០១៦ ដោយសាររឿងមន្ទិលសង្ស័យដែលថា រដ្ឋាភិបាលទីក្រុងម៉ូស្គូ​បានចូលលូកដៃ​ក្នុងដំណើរការ នៃការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិកកាល​ពី​ឆ្នាំ២០១៦នោះ នឹងត្រូវប្រគល់​ជូន​ប្រទេស​​រុស្ស៊ីវិញ លុះត្រាតែ​ស្ថិតក្រោមលក្ខខណ្ឌថា ទីក្រុងវ៉ាស៊ីន​តោន​នឹងទទួល​បានអ្វីម៉្យាង​ជាការតបស្នង​វិញ​ពីរុស្ស៊ី។

ជុំវិញការ​លើកឡើងនេះ លោក Konstantin Kosachev បានថ្លែងទៅវិញ​យ៉ាងដូច្នេះថា «ក្នុងករណីនេះ ភាគីរុស្ស៊ី​ទំនងជាពុំមាន​ជម្រើស​អ្វីផ្សេង​នោះឡើយ... វាដល់ពេល​ដែលត្រូវធ្វើ​ការសងសឹក​តបត​ទៅវិញហើយ។ នេះមិនមែន​ជាជម្រើស​របស់យើង​នោះទេ វិធានការ​​​ទាំងនេះ​នឹងត្រូវធ្វើឲ្យ​ដោយ​បង្ខំចិត្ត ក៏ប៉ុន្តែពួកវា​ចាំបាច់ត្រូវ​តែអនុវត្តន៍»។ ចំពោះ​វិធាន​​ការ​សង​សឹក​ទាំង​​នោះ​វិញ គេ​ពុំ​ទាន់​​ដឹង​ច្បាស់​ថា​ រុស្ស៊ី​នឹង​ធ្វើយ៉ាងណា​នៅឡើយទេ ក៏ប៉ុន្តែ​បើតាមអ្នកនាំ​ពាក្យក្រសួង​ការបរទេស​រុស្ស៊ី ប្រទេសរុស្ស៊ី នឹងបណ្តេញ​មន្រ្តីទូត​អាមេរិក រួម​ទាំង​រឹប​អូសទ្រព្យសម្បត្តិ​មួយចំនួនវិញ នៅក្នុង​ទីក្រុងម៉ូស្គូ ប្រសិនបើ​ជំនួបរវាង​អនុរដ្ឋមន្រ្តីអាមេរិក​ និងរុស្ស៊ី​នាពេលខាងមុខនេះ បញ្ចប់​ទៅដោយ​ពុំមានកិច្ច​ព្រមព្រៀងអ្វី​ទាំង​អស់នោះ។

គួររំលឹកថា កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ រដ្ឋាភិបាល​អតីតប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញ​បទបញ្ជា​ឲ្យធ្វើការ​បណ្តេញ​មន្រ្តីទូតរុស្ស៊ីចំនួន ៣៥នាក់ ដែលសង្ស័យ​ថា បានលួចស៊ើបយក​ការណ៍​នៅ​សហរដ្ឋអាមេរិក ហើយទីក្រុង​វ៉ាស៊ីនតោន ក៏​បានបិទ​ទីតាំងអគារ​ចំនួនពីរកន្លែង​ ដែលជាកម្មសិទ្ធិ​របស់ស្ថានទូត​រុស្ស៊ីផងដែរ ដោយវិធានការ​ទាំងនេះ ត្រូវបាន​ធ្វើឡើង ជាការឆ្លើយ​តប​ចំពោះមន្ទិលសង្ស័យ​ដែលថា រដ្ឋាភិបាល​ទីក្រុងម៉ូស្គូ បានចូលជ្រៀតជ្រែក​ក្នុងដំណើរការ​បោះឆ្នោត​ ជ្រើសរើស​ប្រធានាធិបតី​អាមេ​រិក៕