(ស៊ីរី)៖ កងកម្លាំងរដ្ឋាភិបាលស៊ីរី​បានរកឃើញឃ្លាំង​ស្ដុកមួយ ដែលមានមីស៊ីល​ប្រឆាំងរថក្រោះ​របស់សហរដ្ឋអាមេរិក​ជិត ៣០គ្រាប់ នៅក្នុងខេត្ត Latakia នៅអំឡុង​ប្រតិបត្តិការ​បោសសំអាត​គ្រាប់មីននៅទីនោះ។ នេះបើតាម​មេបញ្ជាការ​យោធាខេត្ត Latakia លោក​ឧត្តមសេនីយ៍ Rafi Muhammad Magdi ដកស្រង់​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម លោក Magdi កងកម្លាំងស៊ីរី​បានបោស​សំអាតគ្រាប់មីន ឬឧបករណ៍ផ្ទុះ​ជាង ៨០០គ្រាប់ នៅតាម​តំបន់ចំនួន ១១ ក្នុងខេត្ត Latakia ​ចាប់តាំងពី​ការផ្ដើមធ្វើ​ប្រតិបត្តិការ​កាលពីដើម​ខែកក្កដា​មក។ លោក Magdi បានគូស​បញ្ជាក់​ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ចាប់តាំង​ពីការផ្ដើមប្រតិបត្តិការ​បោសសំអាត​គ្រាប់មីន ជិតមួយខែមកនេះ នៅតាម​តំបន់ចំនួន ១១ នៃខេត្ត Latakia... មានគ្រាប់មីន ឬ​ឧបករណ៍ផ្ទុះ ៨០០គ្រាប់ ត្រូវបានរកឃើញ បន្ទាប់ពី​សកម្មប្រយុទ្ធ​បានចាកចេញ​ពី​តំបន់ទាំងនោះ ក្នុងនោះក៏រួមមាន​ទំាងមីស៊ីលប្រឆាំងរថក្រោះ របស់សហរដ្ឋអាមេរិកប្រមាណ ៣១គ្រាប់ផងដែរ»។

គួរបញ្ជាក់ថា រុស្ស៊ី អ៊ីរ៉ង់ និងតួកគី បានព្រមព្រៀង​គ្នា​លើបទឈប់បាញ់ជាច្រើនសារ តួយ៉ាងកាល​ពី​ថ្ងៃទី០៦ ខែឧសភា បទឈប់បាញ់​បានពង្រីកវិសាល​ភាពដល់ខេត្ត Idlib និងផ្នែកខ្លះ​នៃខេត្ត Latakia, Hama, Aleppo​ និងខេត្ត Homs រួមទំាង​តំបន់ Eastern Ghouta ក្បែរទីក្រុង Damascus ក៏ដូចជា​ភាគខាងត្បូង​នៃតំបន Daraa និង Quneitra។ ប៉ុន្តែភាគី​ជម្លោះទំាងអស់ តែងតែ​ចោទគ្នាទៅវិញ​ទៅមក​ជាប្រចាំ ពាក់ព័ន្ធ​នឹងការរំលោភ​លើបទ​ឈប់បាញ់៕