(វ៉ាស៊ីនតោន)៖ មនុស្ស០៩នាក់​បានលង់ទឹកស្លាប់ បន្ទាប់ពីទឹកជំនន់​បានវាយប្រហារ លើក្រុម​អ្នកហែល​ទឹក​កម្សាន្តនៅឯតំបន់ព្រៃ​ធម្មជាតិ​ក្នុងរដ្ឋ Arizona​ ភាគនិរតីសហរដ្ឋអាមេរិក ខណៈក្មេងជំទង់​ម្នាក់​នៅតែ បន្តបាត់ខ្លួន​នៅឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមអាជ្ញាធរ​នៅក្នុងតំបន់ គ្រោះទឹក​ជំនន់នេះ​បានកើតឡើង​កាលពី​ល្ងាច​ថ្ងៃសៅរ៍កន្លងទៅ (ម៉ោងនៅវ៉ាស៊ីនតោន) នៅចំពេល​មនុស្សម្នាច្រើន​ជាង ១០០នាក់ កំពុងហែល​ទឹកកម្សាន្ត​នៅឯតំបន់​ព្រៃធម្មជាតិ​ Tonto ហើយក្នុងចំណោម​ជនរងគ្រោះ​ទាំង ០៩នាក់ខាងលើ មានពីរនាក់​ជាកុមារ។ អ្វីដែលគួរឱ្យ​កត់សម្គាល់​នោះគឺថា ពួកអ្នកហែល​ទឹកទំាងអស់ ពុំបាន​ទទួលការព្រមាន ណាមួយពី​អាជ្ញាធរជាមុន​នោះទេ ក្រៅតែពី​ការ​ស្រែកប្រកាស​អាសន្ន នៅពេល​ទឹកជំនន់​បានហូរនាំភក់​ដ៏ច្រើន គ្របដណ្ដប់តំបន់កម្សាន្ត​ដ៏មាន​ប្រជាប្រិយភាព​នេះ។

យ៉ាងណាក៏​ដោយហេតុការណ៍​បែបនេះ មិនមែនទើបតែកើតឡើង​ជាលើកទីមួយ​នោះទេ។ «វាកើតឡើង​ស្ទើរតែជារៀងរាល់ឆ្នាំ ហើយខ្ញុំសង្ឃឹមថា យើងនឹងមានមធ្យោបាយល្អ ដើម្បីរារាំង​មនុស្ស កុំឱ្យចូល​ទៅកម្សាន្ត​នៅទីនោះ នៅអំឡុង​រដូវមានព្យុះមូសុងនេះ»។ នេះគឺជា​ការលើកឡើង​របស់ប្រធាន​ក្រុម​អ្នកពន្លត់អគ្គិភ័យ លោក Ron Sattelmaier៕