(សេអ៊ូល)៖ រដ្ឋាភិបាល​កូរ៉េខាងត្បូង​នៅថ្ងៃចន្ទនេះ បានស្នើសុំទៅកាន់​កូរ៉េខាងជើង ពាក់ព័ន្ធនឹង​ការរៀបចំកិច្ច​ប្រជុំយោធា​អន្តរកូរ៉េ សំដៅបញ្ឈប់​សកម្មភាព​អរិភាព​ដាក់គ្នាទៅ​វិញទៅមក នៅ នៅតាម​បណ្ដោយព្រំដែន ហើយដែល​សំណើនេះ​​ធ្វើឡើង​បន្ទាប់ពី​ទីក្រុងព្យុងយ៉ាង បញ្ចេញ​ប្រតិកម្មវិជ្ជមាន​ ចំពោះសំណើ​របស់ប្រធានាធិបតី​កូរ៉េខាងត្បូង។ នេះបើតាម​ក្រសួង​ការពារជាតិ កូរ៉េខាងត្បូង​ដកស្រង់​ដោយទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​ក្រសួង​ការពារជាតិ ទីក្រុងសេអ៊ូល​ចង់រៀបចំ​ជំនួបពិភាក្សា នៅថ្ងៃសុក្រ​សប្ដាហ៍នេះ នៅឯភូមិ Tongilgak ស្ថិតនៅក្នុង​ភូមិ Panmunjom នៃតំបន់ព្រំដែនកូរ៉េខាងជើង​។ ជំនួបនេះ​ធ្វើឡើង​ក្នុងគោលបំណង​បញ្ឈប់រាល់​សកម្មភាព​អរិភាព នៅតាមតំបន់​ព្រំដែនរវាងប្រទេស​ទាំងពីរ ឱកាសត្រៀម​ប្រារព្ធខួបនៃ​កិច្ចព្រមព្រៀង​ លើបទឈប់បាញ់ក្នុងសង្រ្គាមកូរ៉េឆ្នាំ ១៩៥០-​១៩៥៣ ដែលនឹង ត្រូវប្រព្រឹត្ត​ទៅនៅ​ថ្ងៃទី២៧ ខែកក្កដា ខាងមុខនេះ។ ទោះបីយ៉ាងណា ក្រសួងការពារជាតិ មិនបាន​បញ្ជាក់ពី​របៀបវារៈនៃកិច្ចប្រជុំ​នេះទេ ខណៈ​កូរ៉េខាងជើង​បានអះអាង​ជាច្រើនដង​ថា ការរៀបចំ​កិច្ចពិភាក្សាក្នុងគោលដៅឱ្យ​ទីក្រុងព្យុងយ៉ាង​បោះបង់ចោលកម្មវិធី​អាវុធ​នុយក្លេអ៊ែរ គឺជារឿង​មិនអាចកើត​ឡើងជា​ដាច់ខាត។

គួររំលឹកថា ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជែអ៊ីន នៅអំឡុង​ពេលបំពេញ​ដំណើរទស្សនកិច្ច​ទៅកាន់ទីក្រុង​ប៊ែរឡាំង របស់អាល្លឺម៉ង់ កាលពី​ថ្ងៃទី០៦ ខែកក្កដា បានស្នើសុំឱ្យ​មានការ​បញ្ឈប់ការធ្វើ​សកម្មភាពអរិភាព​ដាក់គ្នា​ទៅវិញទៅមក ហើយ​មិនតែ​ប៉ុណ្ណោះ​លោក ក៏បានលើក​ឡើងផងដែរ​ពីគំរោងរៀបចំ​ពិធីជួបប្រជុំ​ រវាងគ្រួសារកូរ៉េទាំងពីរ ដែលបាន​ព្រាត់ប្រាស់​គ្នានៅសម័យ​សង្រ្គាម។ ចំណែកឯ​កូរ៉េខាងជើង​កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន តាមរយៈ​សារព័ត៌មាន​រដ្ឋ Rodong Sinmun ក៏បានអះអាង​ដែរថា ដំណោះស្រាយ​លើស្ថានភាព​ប្រឈមមុខដាក់​គ្នា​ទាំង​នយោបាយ និងយោធា​នៅឧបទី្វបកូរ៉េ គួរតែកា្លយ​ជាដំណាក់​កាលដំបូង នៃការធ្វើ​ឱ្យប្រសើរ​ឡើងវិញ​នូវទំនាក់ទំនង​រវាងប្រទេស​ទំាងពីរ៕