(ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃចន្ទនេះ​បានឱ្យដឹងថា មនុស្ស​យ៉ាងហោច​ណាស់ ១៨នាក់បានស្លាប់ និង​១៨នាក់​ផ្សេងទៀត​នៅតែបន្តបាត់ខ្លួន​នៅឡើយ បន្ទាប់ពីគ្រោះ​ទឹកជំនន់​បង្កឡើង​ដោយភ្លៀងធ្លាក់​ខ្លាំង បាន​វាយប្រហារ​មកលើ​ទីក្រុង​ Jilin ស្ថិតនៅភាគ​ឦសាន​ប្រទេសចិន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។

យោងតាម​អាជ្ញាធរ​ឧតុនិយមចិន ភ្លៀងបាន​ធ្លាក់យ៉ាង​សន្ធាប់ នៅតំបន់​ភាគកណ្ដាល និងផ្នែកខ្លះ​នៃភាគខាង​កើតទីក្រុង Jilin​ កាលពី​ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ​សប្ដាហ៍មុន ដោយបង្កឱ្យ​តំបន់​ជាច្រើន​ត្រូវជន់លិច ហើយក្នុងនោះ​ទីក្រុង Jilin​ បានរងគ្រោះ​ធ្ងន់ធ្ងរជាងគេ ក៏ដូចជាបង្ខំឱ្យអាជ្ញាធរ ជម្លៀស​ប្រជាជន​ច្រើនជាង ១១០,០០០នាក់ ទៅកាន់ទី​ទទួលមាន​សុវត្ថិភាព។ ក៏ប៉ុន្តែ​មកពេលនេះ ពុំទាន់មាន​ការវាយតម្លៃ​ពីទំហំខូចខាត​នៅឡើយទេ ខណៈក្រុម​អ្នកជួយសង្រ្គោះ និងអ្នក​ស្វែងរក ៣២,៣៦០នាក់ កំពុងបំពេញ​ការងាររបស់ពួកគេ ដើម្បីជួសជុល​ស្ពាន តភ្ជាប់បណ្ដាញ​ទូរគមនាគមន៍ និងអគ្គិសនី​ឡើងវិញ​ជាដើម៕